​លោក អ៊ិត សារម្យ និង​​បុគ្គល​២នាក់​ទៀត ស្នើសុំ​បង្កើត​​គណបក្ស​នៅ​ក្រសួងមហាផ្ទៃ

  • 2018-10-22 08:59:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អ៊ិត សារម្យ ប្រធាន​គណបក្ស​បំណង​ពលរដ្ឋ​ លោក អ៊ុក សុភ័ណ្ឌ ប្រធាន​គណបក្ស​រដ្ឋអច្ឆរិយៈ និង​​លោក ប៉ែន សំអឿន ប្រធាន​គណបក្ស​កម្រង​ផ្កាស្មៅមហាជន បាន​ស្នើសុំ​បង្កើត​​គណបក្ស​នៅក្រសួងមហាផ្ទៃ។ នេះ​បើ​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​កិច្ចការ​សមាគម និង​គណបក្ស​នយោបាយ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ ដែល [ខ្លីៗ] ទទួលបាន​នៅព្រឹក​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០១៨​។

បច្ចុប្បន្ន គណបក្ស​នយោបាយ​ដែលបាន​បង្កើត និង​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ មាន​ចំនួន​សរុប ៤៤​គណបក្ស ដោយក្នុង​នោះ គណបក្ស​នយោបាយ​ដែលបាន​បង្កើត តែមិន​ចុះបញ្ជី​មាន​ចំនួន៣ គឺ​គណបក្ស​ខាងលើ​នេះ និង​គណបក្ស​នយោបាយ​បាន​ចុះ​បញ្ជី​មាន​ចំនួន​៤១។

សូមជម្រាប​ថា បើតាម​ការចុះ​ផ្សាយ​របស់​វិទ្យុ​វាយោ លោក​ អ៊ិត សារម្យ​ បានប្រឡូក​នយោបាយ តាំងពី​កម្ពុជា​រៀបចំ​ការបោះឆ្នោត​អាណត្តិ​ទីមួយ​មកម្ល៉េះ។ ដំបូង​លោក​បាន​ចូលរួម ក្នុង​ចលនា​យុវជន របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិក និង​ក្រោយមក​បាន​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ជាតិខ្មែរ ដែល​បាន​ប្តូរ​ឈ្មោះ​ជា គណបក្ស​សម រង្ស៊ី​។ លោក​ អ៊ិត សារម្យ​ បាន​បន្ត​ប្តូរ​ទ្រនំទៀត ដោយ​មក​ចូលរួម​បង្កើត​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅ​ឆ្នាំ​២០០៦​។ ប៉ុន្តែ ក្រោយ​រួម​រស់នៅ​ជាមួយគ្នា​បាន​៦​ឆ្នាំ លោក​ត្រូវបាន​បណ្តេញ​ចេញពី​គណបក្ស​នេះ នៅ​ឆ្នាំ​២០១២ ដោយសារ​ទំនាស់​ផ្ទាល់ខ្លួន​។​

លោក អ៊ិត សារម្យ ដែលធ្លាប់ចូលរួមបង្កើតគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
នាយកដ្ឋាន​កិច្ចការ​សមាគម និង​គណបក្ស​នយោបាយ បង្ហាញ​ទៀត​ថា ស្ថានភាព​គណបក្ស​នយោបាយ​ដែល​បាន​បង្កើត និង​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ គិតត្រឹម​ឆ្នាំ២០១៣ មាន​ចំនួន ៨០​គណបក្ស។

នៅឆ្នាំ​២០១៤ ក្រសួង​មហាផ្ទៃ បាន​សម្រេច​លុបឈ្មោះ​គណបក្ស​នយោបាយ​ចំនួន ២៤​គណបក្ស ដូច្នេះ​គណបក្ស​នយោបាយ​ដែល​នៅសល់​មាន​ចំនួន ៥៦​គណបក្ស។

គិតចាប់ពី​ឆ្នាំ​២០១៥ ដល់ឆ្នាំ​២០១៧ ក្រសួង​មហាផ្ទៃ បាន​សម្រេច​បង្កើត និង​ចុះបញ្ជី​គណបក្ស​នយោបាយ​ចំនួន ១៨​គណបក្ស (បង្កើត​១០ ចុះ​បញ្ជី​០៨) និងបាន​លុបឈ្មោះ​គណបក្ស​នយោបាយ​ចំនួន ៣៨​គណបក្ស៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;