ADB ផ្តល់​​ហិរញ្ញប្បទាន​ជិត​ ៩០លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ​ក្រុង​​​ចំនួន​៣ របស់​កម្ពុជា

  • 2018-10-24 07:27:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អូន ព័ន្ធមុនីរ័ត្ន ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Durrani-Jamal នាយិកា​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ប្រចាំ​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សម្រាប់​គម្រោង និង​កម្មវិធី​ចំនួន៤ ដែល​មាន​ទឹកប្រាក់​សរុប​ជិត ២៥០លាន​ដុល្លារ។ ក្នុងនោះ​ទឹកប្រាក់ ៨៨,៥០លានដុល្លារ នឹងត្រូវ​ប្រើប្រាស់​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​របៀង​នៃ​មហា​អនុតំបន់​មេគង្គ​ជំហានទី​៤។

តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច នៅថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០១៨ ឱ្យដឹង​ថា គម្រោង​នេះ​នឹង​ជួយ​លើក​កម្ពស់​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​តាមរយៈ​ការ​អភិវឌ្ឍ​ក្នុង​របៀង​អាទិភាព​ចំនួន០៣ គឺ​ក្រុង​កំពង់ចាម ក្រចេះ និង​ស្ទឹងត្រែង ដែល​ជាក្រុង​របៀង​នៃ​មហា​អនុ​តំបន់​មេគង្គ។ ការ​អភិវឌ្ឍ​នេះ រួមមាន៖ ការ​សាងសង់​ស្ថានីយ​ប្រព្រឹត្តកម្មទឹកកខ្វក់ ការតភ្ជាប់​ប្រព័ន្ធ​លូរំដោះ​ទឹកដល់​ប្រជាជន ការសាងសង់​ទីលាន​ចាក់សំរាម និង​ការសាងសង់​ស្ថានីយ​បូមទឹក​កខ្វក់។

ស្ពានគីហ្ស៊ូណា ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម (រូបថត៖ Flickr Province of Cambodia)
ចំណែក​គម្រោង​៣ទៀត​រួមមាន៖

-កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ​ជំហាន​ទី២៖ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ៥៣,៥០លានដុល្លារ

-គម្រោង​កែលម្អ​ការ​គ្រប់គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹងទន្លេសាប​ជំហានទី២៖ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ៩៧,៧០លាន​ដុល្លារ សម្រាប់​ការ​អភិវឌ្ឍ និង​ការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ក្រុង​អាទិភាព​ចំនួន៣ ប្រព័ន្ធ​បណ្តាញ​លូ និង​សាងសង់​ទីលាន​ចាក់សំរាម។

-គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​កំណើន​ប្រកប​ដោយ​បរិយាប័ន្ន​ក្នុង​មហាអនុ​តំបន់​មេគង្គ​ជំហានទី២៖ គ្រោង​ចំណាយ​ថវិកា​វិនិយោគ​សរុប​ប្រមាណ ៣០,៨៩​លាន​ដុល្លារ ក្នុង​គោល​បំណង​បង្កើន​ការ​ទាក់ទាញ​ទេសចរណ៍​ក្នុងខេត្ត​គោលដៅ​ចំនួន២ (កែប និង​ព្រះសីហនុ)៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;