ចិន បន្ត​ផ្តល់​ជំនួយ​យោធា និង​ធ្វើ​សមយុទ្ធ​ជាមួយ​កម្ពុជា

  • 2018-10-25 02:26:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយ​ឧត្តមសេនីយ៍ Wei Fenghe រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ចិន បាន​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​ស្តីអំពី​ការ​ផ្តល់​ជំនួយ​យោធា​ឥត​សំណង ជាមួយ​សម្តេច ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​កម្ពុជា កាលពី​ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ​២០១៨។ នេះបើ​តាមការ​ចុះផ្សាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្តេច ទៀ បាញ់។

ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​ក្នុង​អំឡុងពេល​ដែល​សម្តេច ទៀ បាញ់ បាន​ដឹកនាំ​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​វេទិកា​ជជែក​សន្ទនា​កិច្ចការ​យោធា និង​សន្តិសុខ Beijing Xiangshan Forum នៅក្រុង​ប៉េកាំង ប្រទេស​ចិន ពីថ្ងៃទី​២២ ដល់ ២៧ ខែ​តុលា ឆ្នាំ​២០១៨។

សម្តេច ទៀ បាញ់ ក្នុងពិធីចុះហត្ថលេខាជាមួយនាយឧត្តមសេនីយ៍ Wei Fenghe នៅក្រុងប៉េកាំង កាលពីថ្ងៃទី២៣ តុលា ឆ្នាំ២០១៨។ រូបថត៖ FB លោក ឈុំ សុជាត
យ៉ាងណា​មិញ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ មិនបាន​បញ្ជាក់​ពី​ទំហំ​ទឹកប្រាក់​នៃ​ជំនួយ​របស់​ចិន​នេះទេ។ បើតាម​លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ ត្រូវបាន​ VoA ដកស្រង់​សម្តី​កាលពី​ថ្ងៃទី២៤​តុលា​ថា លោក​មិនទាន់​មាន​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី​ផ្សព្វផ្សាយ ទាក់ទិន​នឹងកញ្ចប់​ជំនួយថ្មី​ផ្តល់ឱ្យ​ដោយ​កងទ័ព​ចិនឡើយ។

នេះ​ជា​ការ​បញ្ចេញ​នូវ​កញ្ចប់​ជំនួយ​សឹក​ថ្មី​ផ្សេងទៀត​របស់​ចិន​មកដល់​កម្ពុជា បន្ទាប់ពី​បាន​ចុះហត្ថលេខា​ ផ្តល់​ជំនួយ​យោធា​ក្នុង​តម្លៃ​ទឹកប្រាក់​ប្រមាណ ១០០លាន​ដុល្លារ​អាមេរិក តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក Wei Fenghe រដ្ឋមន្ត្រី​ការពារ​ជាតិចិន នៅ​រាជធានី​ភ្នំពេញ កាលពី​ខែ​មិថុនា​កន្លងទៅ។

បើតាម​ព័ត៌មាន​ដែល​លោក ឈុំ សុជាតិ បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ឱ្យដឹង​ថា នៅក្នុង​ឱកាស​ជួបពិភាក្សា​ទ្វេភាគី​នោះ សម្ដេច ទៀ បាញ់ បាន​លើកឡើង​អំពី​ភាព​វិជ្ជមាន នៃ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា-ចិន ដែល​រីកចម្រើន​ទៅមុខ​យ៉ាង​ឆាប់រហ័ស ដែលក្លាយ​ជា​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្រ្ត គ្រប់​ជ្រុងជ្រោយ។

ចំណែក​ភាគីចិន បាន​សន្យា​បន្ត​ជំរុញ​ការ​រក្សា​ផ្លាស់ប្ដូរ ប្រតិភូ​ជាន់ខ្ពស់​រវាង​កងទ័ព​ទាំងពីរ​ជា​បន្ត​ទៅទៀត បន្តធ្វើ​លំហាត់​នាគមាស ដែល​នឹង​ធ្វើឡើង​នៅ​ខែមីនា ឆ្នាំ​២០១៩ បន្ត​ជួយ​កសាង​សង់​វិទ្យាស្ថាន​ទ័ពជើងគោក​ថ្លុកតាសេក រួមទាំង​បន្ត​ជួយ​ហ្វឹកហ្វឺន​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ដល់ កង​យោធពលខេមរភូមិន្ទ​ផងដែរ។

សមយុទ្ធយោធារវាងកម្ពុជា-ចិន កាលពីខែមីនា ឆ្នាំ២០១៨

សូម​រំលឹក​ថា កម្ពុជា និង​ចិន បាន​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​ «នាគមាស» ​ពីរ​ដង​រួចមក​ហើយ ដែល​លើកដំបូង​ក្នុង​ខែ​ធ្នូ ឆ្នាំ២០១៦ និង​លើក​ទីពីរ ដែល​មាន​ទំហំ​ជាង​មុន ធ្វើ​នៅ​ខែ​មីនា ឆ្នាំ២០១៨​នេះ ដែល​រួមមាន​ទាំង​ការ​ប្រើ​ប្រាស់​រថក្រោះ និង​ការ​វាយ​ប្រយុទ្ធ​ទីតាំង​ខ្មាំង​ពី​លើ​ឧទ្ធម្ភាគចក្រ​ពិឃាដ​ផង​ដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;