ដូណាល់ ត្រាំ បញ្ជូនកងទ័ព ៥២០០នាក់ទៅកាន់ព្រំដែនម៉ិកស៊ីកូ
- 2018-10-30 09:07:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូណាល់ ត្រាំ បញ្ជូនកងទ័ព ៥២០០នាក់ទៅកាន់ព្រំដែនម៉ិកស៊ីកូ
ចន្លោះមិនឃើញ
អាមេរិក កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញ បានប្រកាសថា នឹងបញ្ជូនកងទ័ព ៥២០០នាក់ ទៅជួយរក្សាសន្ដិសុខព្រំដែនជាមួយម៉ិកស៊ីកូ ដែលនេះជាជំហរកាន់តែតឹងរ៉ឹងលើបញ្ហាអន្តោរប្រវេសន៍របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិដែលនឹងធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកមេបញ្ជាការ Terrence O’Shaughnessy មេបញ្ជាការ នៃបញ្ជាការដ្ឋានកងទ័ពអាមេរិកភាគខាងជើង បានបញ្ជាក់ថា កងទ័ពអាមេរិក ៨០០នាក់កំពុងត្រូវបានបញ្ជូនទៅ កាន់ព្រំដែនរដ្ឋ Texas និងមួយចំនួនទៀតត្រូវបានបញ្ជូនទីកាន់ព្រំដែននៅរដ្ឋ California និង Arizona។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញ លោក ត្រាំ បញ្ជាក់តាមរយៈ Twitter របស់លោកថា "សមាជិកក្រុមជើងកាងជាច្រើន និងមនុស្សអាក្រក់មួយចំនួន កំពុងរួមគ្នាចូលសំដៅទៅព្រំដែនភាគខាងត្បូងរបស់យើង"។ លោកបន្ថែមថា "សូមត្រឡប់ទៅវិញ អ្នកមិនត្រូវទទួលឲ្យចូលក្នុងអាមេរិកនោះទេ លុះត្រាអ្នកធ្វើតាមនីតិវិធី។ នេះគឺជាការឈ្លានពានប្រទេសរបស់យើង ហើយកងទ័ពរបស់កំពុងរងចាំអ្នក"៕