សម្ដេច ហ៊ុន សែន នឹង​ចេញ​ទៅ​ប្រជុំ និង​ទស្សនកិច្ច​ក្រៅ​ប្រទេស ៣ដង​ទៀត នា​ចុង​ឆ្នាំ​នេះ

  • 2018-10-31 03:22:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា បាន​បញ្ជាក់​ថា សម្ដេច​នឹង​ចេញ​ទៅ​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ និង​ធ្វើទស្សនកិច្ច​ក្រៅប្រទេស យ៉ាងតិច​ចំនួន ៣​ដង​ទៀត នៅ​ចុង​ឆ្នាំ​២០១៨​នេះ។ ការ​បញ្ជាក់​ដូច្នេះ បាន​ធ្វើឡើង​អំឡុង​ពេល​សម្ដេច​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង ៦ពាន់​នាក់ នៅ​ស្រុក​មុខកំពូល ខេត្ត​កណ្តាល នៅព្រឹកថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១៨​នេះ។

សម្ដេច ហ៊ុន សែន ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្រ្តី​រុស្ស៊ី នាពេល​កន្លងមក/ រូបភាព៖ ហ្វេសប៊ុក​ផេកសម្ដេច ហ៊ុន សែន

សម្ដេច​នាយករដ្ឋមន្រ្តី​បញ្ជាក់​ថា ទី​១ សម្ដេច​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ក្នុង​ប្រទេស​សិង្ហបុរី នៅ​សប្ដាហ៍​ក្រោយ។ ទី​២ សម្ដេច​នឹង​ធ្វើ​ទស្សនកិច្ច និង​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ នៅ​ក្នុង​ប្រទេស​នេប៉ាល់។ ទី​៣ សម្ដេច​នឹង​ធ្វើ​ទស្សនកិច្ច និង​ចូលរួម​កិច្ចប្រជុំ​នៅ​ក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ។

សម្ដេច​បន្ថែម​ថា ក្រៅ​ពី​ការ​ធ្វើ​ទស្សនកិច្ច និង​ការ​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ ៣​ខាង​លើ​នេះ សម្ដេច​អាច​នឹង​ធ្វើ​ទស្សនកិច្ច និង​ចូលរួម​កិច្ចប្រជុំ​ផ្សេងៗ​បន្ថែម​ទៀត​ផង​ដែរ។

សូម​បញ្ជាក់​ថា ជាង ១​ខែ​ក្រោយ​បង្កើត​រដ្ឋាភិបាល អាណត្តិ​ទី៦ សម្ដេច ហ៊ុន សែន បាន​ចេញ​ទៅ​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ និង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន៨ ហើយ។ ប្រទេស​ទាំង​នោះ មាន​ដូចជា ចិន វៀតណាម អាមេរិក ជប៉ុន ឥណ្ឌូណេស៊ី បែលហ្ស៊ិក តួកគី និង​ស្វីស៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;