អ្នក​និពន្ធ​រឿង គួកជីង យ៉ាងគួរ ចាងអ៊ូជី ទទួល​មរណភាព​ហើយ កាលពីម្សិលមិញ

  • 2018-10-31 04:37:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Louis Cha ដែលជា​អ្នក​និពន្ធ​រឿង​ប្រលោមលោកគុននិយម​ចិនដ៏ល្បីល្បាញ បាន​ទទួល​មរណភាព​ហើយ ក្នុង​អាយុ ៩៤​ឆ្នាំ បន្ទាប់ពី​ធ្លាក់​ខ្លួន​ឈឺ អស់​រយៈពេល​ជា​យូរមក។

កាសែត Ming Pao Daily News ដែល​លោក Louis Cha ជា​ស្ថាបនិក និង មាន​មូលដ្ឋាន​នៅ​ហុងកុង ​បញ្ជាក់​ថា លោក​បាន​ទទួល​មរណភាព​កាលពីថ្ងៃ​ទី៣០ ខែ​តុលា ឆ្នាំ២០១៨ ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង នៅ​​ក្រុងនេះ។

លោក Louis Cha ឡើងថ្លែងសុន្ទរកថាមួយ ក្នុងអំឡុងពេលលោកនៅមានជីវិត (រូបថត៖ China Daily)
គួរ​បញ្ជាក់​ថា រឿង​ប្រលោមលោក ដែល​លោក Louis Cha និពន្ធ ត្រូវ​បាន​លក់​ដាច់​អស់​រាប់​លាន​ក្បាល ហើយ​ដែល​ភាគច្រើន​បំផុត​ស្ថិតក្នុង​ប្រទេស​ដែល​និយាយភាសា​​ចិន។ ​រឿង​របស់​លោកភាគច្រើន ​ត្រូវបាន​យក​ទៅធ្វើជា​ខ្សែភាពយន្ត រឿងភាគ​ទូរទស្សន៍ ល្ខោនវិទ្យុ និង សៀវភៅបែប​កំប្លែង ព្រមទាំង​ធ្វើជា​ហ្គេមវីដេអូ​ផងដែរ។ ក្រៅពីនេះ ស្នាដៃរបស់លោក ក៏ត្រូវបានបកប្រែទៅជាច្រើនភាសាដូចជា ភាសាបារាំង អង់គ្លេស កូរ៉េ ជប៉ុន វៀតណាម ថៃ ភូមា ម៉ាឡេ ឥណ្ឌូនេស៊ី និង ភាសាខ្មែរ ជាដើម។
សៀវភៅរឿងឥន្ទ្រីសេនាក្លាហាន របស់លោក Louis Cha ដែលត្រូវបានប្រែសម្រួលជាភាសាខ្មែរ

រឿង​ល្បីៗ​របស់​លោក ដែល​ប្រជាជន​ខ្មែរ​ភាគច្រើន​បាន​ស្គាល់ គឺ​មាន​ដូចជា រឿង​អ្នក​ក្លាហាន​គួកជីង រឿង​ឥន្រ្ទីសេនា​​ក្លាហាន (យ៉ាងគួរ និង​សៀវ ឡុងនី) និងរឿង​ដាវទេវតា និង​កាំបិត​ប្រហារ​នាគ (ចាង អ៊ូជី) ជាដើម។

សូមរំលឹកថា លោក Louis Cha កើតក្នុងឆ្នាំ១៩២៤ នៅក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។ រឿងដែលលោកបាននិពន្ធដំបូងបំផុតគឺមានចំណងជើងថា «គម្ពីរ និង ដាវ (The Book and the Sword)» ត្រូវបានបោះពុម្ពផ្សាយ​ក្នុងឆ្នាំ ១៩៥៥៕

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;