លោក​ស៊ុន ចាន់ថុល ជំរុញ​ឲ្យ​ប្រើប្រាស់ App ថ្មី​មួយ ដើម្បី​រួមចំណែក​ជួសជុល​ផ្លូវ​សំបុក​មាន់

  • 2018-10-31 09:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យដឹង​ថា ក្រសួង​នឹង​ដាក់​ដំណើរការ​កម្មវិធី​ App ថ្មី​មួយ​នៅ​លើ Store របស់​ស្មាតហ្វូន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ថត​ផ្លូវ​សំបុក​មាន់ រួច​បញ្ជូន​មក​កាន់​ក្រសួង ដើម្បី​ឲ្យ​ក្រសួង​ចាត់​វិធានការ ជួសជុល​ជា​បន្ទាន់។ App នេះ នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ នៅ​ខែ​វិច្ឆិកា ឬ​យ៉ាង​យូរ​នៅ​ខែ​ធ្នូ ​ឆ្នាំ​២០១៨​ខាង​មុខ​។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើង​ពី App នេះ ​ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ នូវ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល បើកបរ​រថយន្ត​ធុនធ្ងន់ នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៨​។

លោក​រដ្ឋមន្ត្រី​​​មានប្រសាសន៍​ថា App នេះ មាន​សារសំខាន់​ណាស់ នៅ​ពេល​ពលរដ្ឋ​ថត​បញ្ជូន​មក​ភ្លាម កម្មវិធី​នៅ​ក្នុង App នឹង​ដឹង​ទីតាំង​ពិត​ប្រាកដ តើ​មាន​សំបុក​មាន់​នៅ​កន្លែង​ណា? ម៉ោង​ណា​គាត់​ថត​ផ្លូវ​សំបុក​មាន់​មក​ក្រសួង? ដូច្នេះ​ក្រសួង​បាន​ព័ត៌មាន​ទាំង​នេះ រួច​បញ្ជូន​ទៅ​តាម​មន្ទីរ​សាធារណការខេត្ត ក្រុង ដើម្បី​ឲ្យ​ពួកគាត់​ចុះ​ទៅ​ពិនិត្យនៅ​កន្លែង​ផ្ទាល់ និង​ជួសជុល​ផ្លូវ​សំបុក​មាន់​ភ្លាមៗ​។

លោក ស៊ុន ចាន់ថុល ថ្លែង​បន្ថែម​ថា នៅ​ក្នុង​ App នឹង​មាន​រូបថត​ប្រធាន​មន្ទីរសាធារណការ គ្រប់​ខេត្ត-ក្រុង ដើម្បី​ឲ្យ​ពលរដ្ឋ​ស្គាល់​មុខ។ ដូច្នេះ​ខេត្ត​ណា​មាន​សំបុក​មាន់​ប៉ុន្មាន ពលរដ្ឋ​ដឹង​ឭ​ទាំងអស់​គ្នា​តាម​រយៈ​ App ។ លោក​បន្ត​ថា ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត ក្រុង គឺ​លាក់​មុខ​លែង​បាន​ហើយ។

ផ្លូវសំបុកមាន់ នៅផ្លូវជាតិលេខ៣ (រូបថតកាលពីខែកក្កដា ឆ្នាំ​២០១៨) /រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

សូម​រំឭក​ថា នា​ពេល​កន្លង​មក ដើម្បី​ជួសជុល​ផ្លូវ​សំបុក​មាន់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដាក់​ចេញ​យុទ្ធនាការ ជួសជុល​ផ្លូវ​ខូច​នៅ​ទូទាំង​ប្រទេស ដោយ​បាន​ចែក​ម៉ូតូ​កង់​៣ សម្រាប់​ធ្វើ​សកម្មភាព​ថែទាំ​ផ្លូវ និង​លុប​សំបុក​មាន់​នេះ រួមមាន អាវ​សុវត្ថិភាព មួក​សុវត្ថិភាព ស្រោមដៃ ភ្លើង ផ្លាក​សញ្ញា​មាន​ការដ្ឋាន ផ្លាក​សញ្ញា​ចប់​ការដ្ឋាន បង្គោល​ចរាចរណ៍​រាង​សាជី សញ្ញា​បង្វែរ​ទិស ខ្សែ​ការពារ​ការដ្ឋាន របា​ការពារ​ការដ្ឋាន ម៉ាស៊ីន​ភ្លើង ម៉ាស៊ីន​បង្ហាប់ ជើង​ដំរី កៅស៊ូ និង មាន​មន្រ្តី​បញ្ជា​ចរាចរណ៍​ផងដែរ​៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;