កម្ពុជា​ត្រៀម​​រៀបចំ​ ​"ទិវា​​បុណ្យ​ឯករាជ្យ​ជាតិ​ ៩ វិច្ឆិកា"​ ​ធំ​ជាង​មុន​​

  • 2018-11-07 08:36:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​រំពឹងថា ព្រះរាជ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦៥ នាថ្ងៃទី៩វិច្ឆិកា ២០១៨​ខាងមុខ​នេះ អាច​នឹងមាន​អ្នកចូលរួម​ជាង​២​ម៉ឺន​នាក់ ហើយ​នឹងមាន​ការរៀប​ចំ​ធំ​ជាង​ឆ្នាំ​រាល់ដង​ ​ដោយមានកម្លាំង​មហាជន កម្លាំង​សមត្ថកិច្ច​ចម្រុះ មកពី​ក្រសួង ស្ថាប័ន​នានា និង មាន​ពិធី​ព្យុះ​ហ​យាត្រា ពី​អង្គភាព​ពាក់ព័ន្ធ​នី​មួយៗ​ចូលរួម​ផងដែរ​។​ ​អាជ្ញាធ​រ បាន​បញ្ជាក់​ថា​ នឹង​ត្រៀមកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់​ឱ្យ​បានល្អជូន​ប្រជាពលរដ្ឋ ក្នុង​​​ទិវា​នេះ។

ទោះជា​យ៉ាងណា មិន​ខុសពី​រាល់​ឆ្នាំនោះទេ​ ពោលគឺ​កម្ពុជា​នឹង​រៀបចំ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នៅ​វិមាន​ឯករាជ្យ ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ ព្រះ​ករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តេច ហេង សំរិន ប្រធាន​រដ្ឋសភា មន្ត្រីរាជការ សិស្សា​នុសិស្ស កងទ័ព និង មហាជន​ជាច្រើន​នាក់។

ព្រះមហាក្សត្រ ក្នុងទិវាបុណ្យឯករាជ្យជាតិ កាលពីថ្ងៃទី៩វិច្ឆិកា ២០១៧ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ
បើតាម​លោក ទូច ណារ៉ុថ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស បាន​គូស​បញ្ជាក់​ថា ព្រះរាជ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦៥ នាថ្ងៃទី៩វិច្ឆិកា ២០១៨​ខាងមុខ​នេះ នឹងត្រូវ​ធ្វើឡើង​ខុសពី​បណ្តា​ឆ្នាំមុនៗ​។ ខុស​ដោយ​ឆ្នាំនេះ មាន​ព្រឹត្តិការណ៍​ធំ​ពីរ គឺ​ពិធី​ថ្វាយ​ទៀនជ័យ នៅ​វិមានឯករាជ្យ និង មិ​ទ្ទិញ​មហាជន នៅមុខ​ព្រះបរមរាជវាំង​។​

លោក​បន្ត​ថា អាជ្ញាធ​រ​បាន​យកចិត្តទុកដាក់​បន្ថែម​ចំនួន​បី​ចំណុច​គឺ ទី​១. នៅ​វិមានឯករាជ្យ ទី​២. នៅ​ព្រះបរមរាជវាំង និង​ទី​៣. នៅតាម​ដងផ្លូវ​។ ជាមួយ​គ្នានេះ លោក​ក៏បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​យោគយល់​ផងដែរ​ចំពោះ​ការ​បិទផ្លូវ​របស់​សមត្ថកិច្ច។

សូម​ជម្រាប​ថា ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ត្រូវ​បានធ្វើឡើង​ដើម្បី​រំលឹក​នូវ​ថ្ងៃដែល​កម្ពុជា​រំដោះ​ខ្លួន​បានចេញ​ពី​នឹម​អាណានិគមនិយម​បារាំង ក្នុងឆ្នាំ​១៩៥៣ ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដឹកនាំ​របស់​អតីត​ព្រះមហាវីរក្សត្រ​ ព្រះ​បរម​រតន​កោដ្ឋ៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;