ផ្លូវក្រវាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ ត្រូវបានជួសជុលឡើងវិញ
- 2018-11-11 01:48:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវក្រវាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ ត្រូវបានជួសជុលឡើងវិញ
ចន្លោះមិនឃើញ
លោក សំលាង ទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងកាលពីថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៨ថា កំណាត់ផ្លូវ១ខ្សែចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ៩ រហូតដល់ឃុំកំពង់ស្រឡៅមួយនៅស្រុកឆែបខេត្តព្រះវិហារ ដែលរងការខូចខាតដោយទឹកភ្លៀងនារដូវវស្សាកន្លងទៅនេះ ត្រូវបានជួសជុលថែទាំវិញហើយ។
មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានចាប់ផ្តើមបញ្ជូនគ្រឿងចក្រ ដើម្បីកៀសម្រួល ឈូសឆាយ កិនបង្ហាប់ក្នុងគោលបំណងថែទាំផ្លូវនេះអោយបានស្អាតឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ចំណែកផ្លូវជាតិលេខ៩២ដែលស្ថិតនៅតាមមណ្តោយព្រំប្រទល់កម្ពុជា-ឡាវ ដែលមានប្រវែង៨៧,៨គីឡូម៉ែត្រ និងផ្លូវក្រវាត់ព្រំដែនកម្ពុជា-ថៃ មួយចំនួនទៀតក៏ត្រូវចាប់ផ្តើមជួសជុល និងថែទាំឡើងវិញផងដែរ។ ជារួម ផ្លូវតាមខ្សែរក្រវាត់ព្រំដែនកម្ពុជា-ថៃ-ឡាវ គឺត្រូវធ្វើការជួសជុលថែទាំឡើងវិញទាំងអស់ ព្រោះផ្លូវទាំងនេះ ក្រៅពីប្រជាពលរដ្ឋធ្វើដំណើរ ក៏ជាផ្លូវយុទ្ធសាស្ត្រសំខាន់ សម្រាប់វិស័យការពារជាតិផងដែរ។ លោកប្រធានមន្ទីរសាធារណការ បានបន្ថែម។
លោក សំលាង ទ្រី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ជួយថែរក្សាផ្លូវថ្នល់ និងបញ្ឈប់នូវរាល់ការដឹកជញ្ជូនលើសទម្ងន់ដែលជាហេតុធ្វើឱ្យផ្លូវងាយ និងរងការឆាប់ខូចខាត៕