អាស៊ាន-ចិន ឯកភាព​គ្នា​លើ "ចក្ខុវិស័យ​ភាពជាដៃគូ​យុទ្ធសាស្រ្ត​ ឆ្នាំ​២០៣០"

  • 2018-11-14 07:45:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-ចិន លើក​ទី២១ នៅ​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ២០១៨​នេះ អង្គប្រជុំ​បាន​ឯកភាព​គ្នា​ក្នុង​ការចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​ប្រធាន​កិច្ចប្រជុំ​អាស៊ាន-ចិន លើកទី២១ ចក្ខុវិស័យ​ភាពជាដៃគូ​យុទ្ធសាស្រ្ត​អាស៊ាន-ចិន ឆ្នាំ២០៣០ សេចក្តីប្រកាស​រួមស្តីពី​កិច្ចសហប្រតិបត្តិការ​ផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស និង​នវានុវត្តន៍អាស៊ាន-ចិន និង របាយការណ៍​វឌ្ឍនភាព​ស្តីពី​ការអនុវត្ត​ផែនការ​សកម្មភាព២០១៦-២០២០។ នេះ​បើតាម​ការ​បញ្ជាក់​តាម​ហ្វេសប៊ុកផេក​សម្ដេច ហ៊ុន សែន នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ២០១៨​នេះ។

មេដឹកនាំអាស៊ាន-ចិន ថតរូបជាមួយ​គ្នា អំឡុងកិច្ចប្រជុំ​កំពូលអាស៊ាន នៅ​ប្រទេស​សិង្ហបុរី/ រូបភាព៖ ហ្វេសប៊ុកផេកសម្ដេច ហ៊ុន សែន
កិច្ចប្រជុំកំពូល​អាស៊ាន-ចិនលើក​ទី២១ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធានបទ "ការពិនិត្យ​ឡើង​វិញ​នូវ​កិច្ចសហប្រតិបត្តិការ​អាស៊ាន-ចិន និង​ទិសដៅ​អនាគត"។ នៅ​ក្នុង​ឱកាសនៃ​ខួប​លើកទី១៥ នៃ​ភាពជាដៃគូ​យុទ្ធសាស្រ្ត​អាស៊ាន-ចិន មេដឹកនាំ​អាស៊ាន​បាន​វាយតម្លៃខ្ពស់​ចំពោះ​សមិទ្ធផលផ្លែផ្កា​ជាច្រើន ដែល​បាន​កើតចេញ​ពី​កិច្ចសហប្រតិបត្តិការ​អាស៊ាន-ចិន ដែល​បាននឹង​កំពុង​ចូលរួម​ចំណែក​ក្នុង​បុព្វហេតុ​ស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ចំណងការទូត និង​ទំនាក់ទំនង​រវាងប្រជាជន និងប្រជាជន។

ចំណែក​សារព័ត៌មាន​ចិន CGTN ក៏​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ២០១៨​នេះ​ថា "លោក លី សៀនឡុង នាយករដ្ឋមន្រ្តី​សិង្ហបុរី​ថ្លែង​ក្នុង​អង្គប្រជុំ​ថា ចិន និង​អាស៊ាន​រំពឹង​ថា នឹង​អនុម័ត " ចក្ខុវិស័យ​ភាពជាដៃគូ​យុទ្ធសាស្រ្ត​អាស៊ាន-ចិន ឆ្នាំ២០៣០" ដែល​ជា​ឯកសារ​យុទ្ធសាស្រ្ត​ទម្រង់ទិស​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;