ទូតអាមេរិក បានស្នើសុំឱ្យរដ្ឋាភិបាលខ្លួន ដកទណ្ឌកម្មវីសាពីមន្រ្តីកម្ពុជា
- 2018-11-14 09:58:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូតអាមេរិក បានស្នើសុំឱ្យរដ្ឋាភិបាលខ្លួន ដកទណ្ឌកម្មវីសាពីមន្រ្តីកម្ពុជា
ចន្លោះមិនឃើញ
លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលនឹងចប់អាណត្តិនាពេលខាងមុខនេះ បានថ្លែងបញ្ជាក់ថា លោកបានស្នើសុំឱ្យរដ្ឋាភិបាលរបស់លោក ពិនិត្យលទ្ធភាពសម្រួល ឬក៏ដកចេញនូវទណ្ឌកម្មទិដ្ឋាការ (វីសា) មកលើមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន។ ការថ្លែងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សា និងជម្រាបលា សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។
លោកឯកអគ្គរដ្ឋទូតបន្តថា បើទោះបីជាលោកនៅមិនទាន់ទទួលបានការឆ្លើយតបពីខាងអន្តោប្រវេសន៍សហរដ្ឋអាមេរិកក៏ដោយ ក៏លោកនៅតែយកបញ្ហានេះ ទៅជជែកជាមួយខាងរដ្ឋាភិបាលអាមេរិកជាបន្តទៀតដែរ នៅពេលដែលលោកត្រឡប់ទៅកាន់ប្រទេសខ្លួនវិញ។
គួរកត់សម្គាល់ថា កាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ព្រមបន្តប្រតិបត្តិការឡើងវិញនូវការស្វែងរកអដ្ឋិធាតុឈ្លើយសឹក និងទាហានអាមេរិក ដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាម នៅកម្ពុជា បើទោះបីជាអាមេរិក បានដាក់កម្រិតតឹងតែងទិដ្ឋាការមកលើមន្រ្តីកម្ពុជាក៏ដោយ។ ការសម្រេចនេះ គឺឆ្លើយតបទៅនឹងសំណើរបស់សមាជិកព្រឹទ្ធសភា និងតំណាងរាស្រ្តអាមេរិក ចំនួន២រូប។
សូមរំលឹកថា កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលអាមេរិក បានសម្រេចផ្អាកលែងផ្តល់ទិដ្ឋាការដល់មន្រ្តីក្រសួងការបរទេសកម្ពុជា ដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយក រហូតដល់ថ្នាក់ដឹកនាំកំពូល និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយមានករណីលើកលែងតិចតួចប៉ុណ្ណោះ។ ការផ្អាកនេះ ក្រោមហេតុផលថា កម្ពុជា មានការយឺតយ៉ាវក្នុងការទទួលយកជនជាតិខ្លួន ដែលជាប់ទោសឧក្រិដ្ឋ នៅអាមេរិក ឲ្យមករស់នៅលើទឹកដីកម្ពុជាវិញ៕