ទស្សនកិច្ច​របស់ ពូទីន នៅ​សិង្ហបុរី ស្រូប​បាន​គម្រោង​វិនិយោគ​ជាង ១​ពាន់​លាន​ដុល្លារ

  • 2018-11-15 07:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មូលនិធិ​វិនិយោគ​ផ្ទាល់​របស់​រុស្ស៊ី (RDIF) បាន​ចុះកិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​សិង្ហបុរី​លើ​គម្រោង​វិនិយោគ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ។ កិច្ចព្រមព្រៀង​នេះ បាន​ធ្វើឡើង​អំឡុង​លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី ធ្វើ​ទស្សនកិច្ច និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ក្នុង​ប្រទេស​សិង្ហបុរី នា​សប្ដាហ៍​នេះ។

លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី (ឆ្វេង) ចាប់ដៃ​ជាមួយ​លោក លី សៀនឡុង នាយករដ្ឋមន្រ្តី​សិង្ហបុរី (ស្ដាំ) នៅ​ក្នុង​ប្រទេស​សិង្ហបុរី/ រូបភាព៖ ហ្វេសប៊ុក​ប្រធានាធិបតី​រុស្ស៊ី

ក្នុង​នោះ ក្រុមហ៊ុន​សិង្ហបុរី Indorama Corporation និង JSC Yadran-Oil បាន​ឯកភាព​គ្នា​ចូលរួម​ក្នុង​គម្រោង​វិនិយោគ​នានា​ក្នុង​ប្រទេស​រុស្ស៊ី។ ក្រុមហ៊ុន​សិង្ហបុរី Makara Capital បាន​យល់ព្រម​វិនិយោគ​លើ​គម្រោង​នវានុវត្តន៍ ចំនួន ២០០​លាន​ដុល្លារ។ ក្រុមហ៊ុន​សិង្ហបុរី Asian AmericanMedical Group បាន​យល់ព្រម​វិនិយោគ​បង្កើត​មជ្ឈមណ្ឌល​វិជ្ជសាស្រ្ត​នុយក្លេអ៊ែរ នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

លោក Kirill Dmitriev ប្រធាន​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់​រុស្ស៊ី​បាន​បញ្ជាក់​ថា ការ​វិនិយោគ​របស់​សិង្ហបុរី​នៅ​ក្នុង​ប្រទេស​រុស្ស៊ី មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ១៧​ពាន់​លាន​ដុល្លារ។ សិង្ហបុរី​ត្រូវ​បាន​រុស្ស៊ី​ចាត់ទុក​ជា​ប្រទេស​ដ៏​សំខាន់​មួយ សម្រាប់​សក្ដានុពល​វិនិយោគ ហើយ​ត្រូវ​បាន​រុស្ស៊ី​ជំរុញ​បន្ថែម​ទៀត ទាំង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​សិង្ហបុរី ឲ្យ​វិនិយោគ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

សូម​បញ្ជាក់​ថា នេះជាលើកទី​១ ដែល​លោក ពូទីន ធ្វើទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​សិង្ហបុរី៕

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;