រដ្ឋសភា អនុម័ត​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ២០១៩

  • 2018-11-15 09:16:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សេចក្តីព្រាង​ច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៩ ត្រូវបាន​រដ្ឋសភា អនុម័ត​ដោយសំឡេង ១១៣ លើ ១១៥សំឡេង។ ការ​អនុម័ត​យល់ព្រម​នេះ ធ្វើឡើង​នៅក្នុង​សម័យប្រជុំ​រដ្ឋសភា លើកទី១ នីតិកាល​ទី៦ នាព្រឹកថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ក្រោយ​គណៈរដ្ឋមន្រ្តី​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់នេះ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨។

យោងតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​រដ្ឋសភា បាន​ឱ្យដឹងថា សេចក្តី​ព្រាងច្បាប់​នេះ មាន ៦ជំពូក និង ១៣មាត្រា ដោយមាន​លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃរដ្ឋភា ជាអ្នករាយការណ៍​ជូន​អង្គសភា ពីលទ្ធផល​នៃការ​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់។ ចំណែក​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សហការី តំណាង​រាជរដ្ឋាភិបាល ជាអ្នកការពារ​សេចក្តី​ព្រាងច្បាប់នេះ។

លោក អូន ព័ន្ធមុនីរ័ត្ន ឡើងថ្លែងការពារសេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៩ (រូបថត៖ រដ្ឋសភា)
យោងតាម​ខ្លឹមសារ​សង្ខេប​ប្រតិបត្តិ ស្តីពី​សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០១៩ ចេញផ្សាយ​ដោយក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០១៨ បង្ហាញ​ថា សម្រាប់​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​គ្រោងនឹង​ចំណាយ​ថវិកាជាតិសរុប ២៧ ១៦៤ ៩៩៦ លានរៀល (ជាង ៦,៧ពាន់​លានដុល្លារ) កើន ១១,៤% ធៀបនឹង​ឆ្នាំ​២០១៨។ ក្នុងនោះ ១. ចំណាយ​ចរន្ត​ថវិកា​រដ្ឋ​មាន​ចំនួន ១៧ ៩០៧ ៥៤៩ លានរៀល (ជាង ៤,៤ពាន់​លាន​ដុល្លារ) និង ២. ចំណាយ​មូលធន​ថវិការដ្ឋ​មាន​ចំនួន ៩ ២៥៧ ៤៤៧​លានរៀល (ជាង ២,៣ពាន់លានដុល្លារ)៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;