ក្រសួងបដិសេធការចុះផ្សាយថា បរទេសមានបំណងយកទឹកដីកម្ពុជាធ្វើមូលដ្ឋានយោធា
- 2018-11-17 08:55:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងបដិសេធការចុះផ្សាយថា បរទេសមានបំណងយកទឹកដីកម្ពុជាធ្វើមូលដ្ឋានយោធា
ចន្លោះមិនឃើញ
ក្រសួងការពារជាតិ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីថ្លែងការណ៍ ច្រានចោលការលើកឡើងរបស់សារព័ត៌មាន Asia Times ដែលថា ប្រទេសដទៃមានបំណងប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋានយោធា សុំចតនាវាចម្បាំង ហើយកម្ពុជាកំពុងស្ថិតនៅចំណុចកណ្ដាល នៃសង្គ្រាមត្រជាក់រវាងចិន និងអាមេរិក។
ក្នុងលិខិតដដែល លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ករណីសារព័ត៌មាន Asia Times ចុះផ្សាយខាងលើ គឺជាព័ត៌មានមិនពិត គ្មានមូលដ្ឋាន គ្មានប្រភពច្បាស់លាស់។
អ្នកនាំពាក្យក្រសួងការពារជាតិបានអះអាងថា កម្ពុជាជារដ្ឋឯករាជ្យ មិនចូលបក្សសម្ព័ន្ធ ហើយរដ្ឋាភិបាលកម្ពុជា បាននិងកំពុងថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់ការប៉ុនប៉ងទាំងឡាយ ដែលអូសទាញនាំឲ្យប្រទេសធ្លាក់ទៅក្នុងសង្គ្រាមជាថ្មី ធ្វើយ៉ាងណាបន្តការអភិវឌ្ឍជាតិឲ្យរីកចម្រើនទៅមុខ។
លោកថា កម្ពុជាមិនបានចូលរួមជាមួយសង្គ្រាមត្រជាក់ណាមួយ ឬអនុញ្ញាតឲ្យបរទេសណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ធ្វើជាមូលដ្ឋានយោធា ដូចដែលព័ត៌មានក្លែងក្លាយទាំងនោះបានផ្សាយចោទប្រកាន់ទេ។
លោក ឈុំ សុជាតិ បានបញ្ជាក់ថា ក្រុមបរទេសមួយចំនួន បានព្យាយាមផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជា ក្នុងចេតនាអាក្រក់ ញុះញង់ ដើម្បីបំភាន់សាធារណជនជាតិ-អន្តរជាតិ និងជាចេតនាបំផ្លាញឯករាជ្យ ភាពអព្យាក្រឹតអចិន្ត្រៃយ៍របស់កម្ពុជាតែប៉ុណ្ណោះ៕