ប្រធានាធិបតី​តៃវ៉ាន់ លាលែង​ពី​ប្រធានបក្ស ក្រោយ​បរាជ័យ​ក្នុង​ការបោះឆ្នោត​ថ្នាក់​តំបន់

  • 2018-11-25 03:14:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen បាន​ប្រកាស​ចុះចេញ​ពី​ប្រធាន​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP) បន្ទាប់ពី​គណបក្ស​នេះ រងការ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ នៅក្នុង​ការបោះឆ្នោត​ថ្នាក់​តំបន់ កាលពី​ថ្ងៃទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

ថ្លែងនៅក្នុង​ទីស្នាក់ការ​គណបក្ស លោកស្រី Tsai បាន​សុំទោស​អ្នកគាំទ្រ​ទាំងអស់ ចំពោះ​ការ​បរាជ័យ​នេះ និង​ធានា​ទទួល​ខុសត្រូវ ចំពោះ​លទ្ធផល​បោះឆ្នោត​នេះ ដោយ​លោកស្រី​លើកឡើង​ថា «ការ​ខិតខំ​របស់​យើង នៅមិន​ទាន់គ្រប់គ្រាន់​នៅឡើយ​ទេ»។

លោកស្រី Tsai Ing-wen ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងតៃប៉ិ កាលពីឆ្នាំ២០១៥ (រូបថត៖ Reuters)
ទោះបី​ជាលោកស្រី លាលែង​ពី​ប្រមុខបក្ស ប៉ុន្តែ​លោកស្រី​មិន​លាលែង​ពីតំណែង​ប្រធានាធិបតី​ឡើយ ពោលគឺ​លោកស្រី​នៅតែ​បន្តកាន់​តំណែង​នេះ រហូតដល់​ការ​បោះឆ្នោត​អាណត្តិ​ក្រោយ ដែលគ្រោង​នឹងធ្វើឡើង​នៅខែ​មករា ឆ្នាំ​២០២០។ ការប្រកាស​មិន​លាលែង​ពី​តំណែង​ប្រធានាធិបតី​នេះ គឺ​ឆ្លើយតប​ទៅនឹង​សំណើ​របស់​លោក​នាយករដ្ឋមន្រ្តី​តៃវ៉ាន់ William Lai ជុំវិញ​លទ្ធផល​បោះឆ្នោត​នេះ ដោយ​លោក​លើកឡើង​ថា «**នេះជា​ទំនួល​ខុសត្រូវ​នយោបាយ​របស់​លោកស្រី Tsai**»។

គណបក្ស DPP បាន​ចាញ់ឆ្នោត​នៅក្រុង Kaohsiung ជាលើក​ដំបូង​ បន្ទាប់ពី DPP បានកាន់​កាប់អំណាច​នៅក្រុង​នេះ ជាង ២០ឆ្នាំកន្លង​មក ទៅ​គណបក្ស​ជាតិនិយម​គូមីងតាង។ DPP ក៏បាន​ចាញ់ឆ្នោត​នៅក្រុង Taichung ដែលជាក្រុង​លំដាប់ទី២​ផងដែរ។ យ៉ាងណា​ក៏ដោយ គណបក្ស DPP ក៏នៅតែ​ឈ្នះឆ្នោត​នៅតំបន់​ធំ២ទៀត​ផងដែរ គឺក្រុង Tainan ស្ថិតនៅ​ភាគ​ខាងត្បូង និងក្រុង Taoyuan នៅ​ភាគ​ខាងជើង៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;