ព្យុះ​ទីហ្វុងមួយ នឹង​ធ្វើ​ដំណើរ​កាត់​ភាគខាងត្បូង​កម្ពុជា នៅ​យប់​នេះ

  • 2018-11-25 09:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្យុះទីហ្វុង USAGI នឹង​ធ្វើ​ដំណើរ​កាត់​ភាគខាងត្បូង​កម្ពុជា នាយប់​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ។ ឥទ្ធិពល​របស់​ព្យុះនេះ នឹង​មកនូវទឹកភ្លៀង​ធ្លាក់រាយប៉ាយ​ក្នុង​ក្របខណ្ឌទូទាំង​ប្រទេស លាយឡំ​ជាមួយនឹង​ខ្យល់​បក់បោក​ក្នុងល្បឿន ពី ១៣ ទៅ ១៥ ម៉ែត្រ​ក្នុងមួយ​វិនាទី ពិសេស​នៅតំបន់​ទំនាប​កណ្តាល​ភាគខាងត្បូង និង​តំបន់​មាត់សមុទ្រ (ចាប់ពី​យប់ថ្ងៃទី​២៥-២៧ វិច្ឆិកា)។ នេះបើ​តាម​សេចក្តី​ជូន​ដំណឹងរបស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​២៤ ខែ​វិច្ឆិកា។

ដំណើររបស់ខ្យល់ព្យុះទីហ្វុង USAGI (រូបភាព៖ ក្រសួងធនធានទឹក)
ក្រសួងបាន​ព្យាករ​ថា រាជធានី​ខេត្ត​មួយចំនួន​នៃតំបន់​ទំនាបកណ្តាល​ភាគខាងត្បូង និង​តំបន់​មាត់​សមុទ្រ អាចនឹងមាន​ជំនន់ទឹកភ្លៀង​កើតឡើង។

ជាមួយ​គ្នានេះ ក្រសួង​បាន​អំពាវនាវ​ឱ្យប្រជានេសាទ និង​អ្នកធ្វើដំណើរ​តាមសមុទ្រ ត្រូវផ្អាក​សកម្មភាព​ចាប់ពី​ថ្ងៃទី២៥ ដល់ ២៧ វិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​ចៀសវាង​នូវគ្រោះថ្នាក់ផ្សេងៗ ដែល​អាចកើតមាន​ឡើងជាយថាហេតុ។

សូម​រំលឹក​ថា កាលពី​រសៀល​ថ្ងៃទី​២៤ ខែ​វិច្ឆិកា កូនព្យុះ USAGI បាន​វិវត្ត​ខ្លួន និង​បង្កើន​ឥទ្ធិពល​ទៅជាព្យុះទីហ្វុង ជាមួយនឹង​ល្បឿន​អតិបរមា​ក្បែរផ្ចិត​របស់​ព្យុះ​មាន​ល្បឿន ១២០គីឡូម៉ែត្រ​ក្នុងមួយម៉ោង ដែលពេលនោះ​បាន​ស្ថិតនៅក្បែរឆ្នេរភាគអាគ្នេយ៍​ប្រទេស​វៀតណាម។ នេះបើតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធានទឹក​ខាងលើ​នេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;