រណសិរ្ស រំដោះ​ជាតិ​ខ្មែរ សម្រេច​បង្កើត​គណបក្ស​រំដោះ​ជាតិ​ខ្មែរ

  • 2018-11-27 01:46:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​ជា​រដ្ឋាភិបាល​និរទេស បាន​សម្រេច​បង្កើត​គណបក្ស​រំដោះ​ជាតិ​ខ្មែរ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយ ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ហើយ​នៅ​ក្នុង​សប្តាហ៍​នេះ រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ នឹង​យក​ពាក្យ​ស្នើ​សុំ​បង្កើត​គណបក្ស​ទៅ​ដាក់​នៅ​ក្រសួង​មហាផ្ទៃ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ធុយ វី សមាជិក​ជាន់​ខ្ពស់​ នៃ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​។

លោក ធុយ វី សមាជិក​ជាន់​ខ្ពស់​ នៃ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ (រូបថត៖ ផ្ដល់ឲ្យ)
ការ​សម្រេច​បង្កើត​គណបក្ស​នេះ គឺ​បន្ទាប់ពី​មាន​កិច្ច​ប្រជុំ​មួយ​របស់​រណសិរ្ស រំដោះ​ជាតិ​ខ្មែរ ដឹកនាំ​ដោយ​លោក ធុយ វី កាល​ពី​ល្ងាច​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​។

លោក ធុយ វី ត្រូវ​បាន​តុលាការ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ ការ​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព គឺ​បន្ទាប់ពី​លោក​បាន​អនុវត្ត​ទោស ១​ឆ្នាំ ៦​ខែ "មួយ​ឆ្នាំ​កន្លះ​"។

លោក ធុយ វី ជា​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ​ដែល​ដឹកនាំ​ដោយ​លោក​ សម សេរី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៧ ក្នុង​ពេល​ខ្លួន​កំពុង​ធ្វើ​សន្និសីទ​កាសែត ស្ដីពី​ជំហរ​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ។ ហើយ​នៅ​ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ​២០១៧ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​កន្លះ និង​ចោទ​ប្រកាន់ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;