រាជ​រដ្ឋាភិបាល មិន​ឱ្យ​មាន​ការរើសអើង​ ខណៈ​ពលរដ្ឋ​មួយ​ចំនួន​ កំពុង​មាន​កង្វល់​ចំពោះ​ជនជាតិ​ចិន

  • 2018-11-28 02:29:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាំពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយបញ្ជាក់ថា រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​ច្បាស់លាស់ ដោយ​មិន​អនុញ្ញាតឱ្យ​មាន​សកម្មភាព​ទាំងឡាយ​ណា ដែល​មាន​ចរិត​រើសអើង​ពូជសាសន៍ កើតមាន​នៅក្នុង​ប្រទេស​កម្ពុជាឡើយ។

បើតាម​អ្នកនាំពាក្យ​ដដែល ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នេះ គឺ​ក្នុងពេល​ដែល​ពលរដ្ឋខ្មែរ​មួយចំនួន បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​តាមបណ្តាញ​សង្គម​ចំពោះ​ហេតុការណ៍ ដែល​បាន​កើតឡើង​នៅ​ខេត្តព្រះសីហនុនាពេលថ្មីៗនេះ ដោយមានការសង្ស័យ​ថា ពាក់ព័ន្ធ​ទៅនឹង​ជនជាតិចិន ហើយទន្ទឹមនឹង​នេះ ក៏មាន​សារព័ត៌មាន​មួយ​ចំនួន បាន​ធ្វើបទ​អត្ថាធិប្បាយ ក្នុង​គោលដៅ​ដើម្បី​ផល​ប្រយោជន៍​ណាមួយ​នោះ​ផងដែរ។

លោក ផៃ ស៊ីផាន អ្នកនាំាពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងនាពេលកន្លងមក
ក្នុង​សេចក្តីថ្លែងការណ៍​នេះ​បញ្ជាក់​ថា រាជរដ្ឋាភិបាល បាន​នឹង​កំពុង​ចាត់វិធានការ​យ៉ាងម៉ឺងម៉ាត់ ក្នុងការ​ពង្រឹង​សន្តិសុខ សុវត្ថិភាព ក៏​ដូចជា​សណ្តាប់ធ្នាប់​សង្គម សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ​ នៅក្នុងតំបន់នោះ។ ក្នុងនោះ​ក៏មាន​ជនបរទេស​ដែល​ជាអ្នក​ទេសចរ ត្រូវ​បាន​ឃាត់​ខ្លួន​ជាបន្តបន្ទាប់ និង​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដើមវិញ ក្រោមការអនុវត្តច្បាប់​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

ជាមួយ​គ្នានេះ រាជរដ្ឋាភិបាល នៅតែ​បន្ត​លើកទឹកចិត្ត​ដល់​វិនិយោគិន​ទាំងអស់ ដែល​បាន​នឹង​កំពុង​ប្រតិបត្តិ ធុរកិច្ច​ក៏​ដូចជា​ភ្ញៀវជាតិ និង​អន្តរជាតិ ដែល​មក​ទស្សនា​កម្សាន្ត រមណីយដ្ឋាន​ធម្មជាតិ វប្បធម៌ និង​ប្រវត្តិសាស្រ្ត​នៅកម្ពុជា។

សេចក្តី​ថ្លែងការណ៍​ដដែល​បន្ថែម​ថា ក្នុង​បរិកាណ៍​នេះ រាជ​រដ្ឋាភិបាល សង្ឃឹម​យ៉ាង​មុតមាំ​ថា អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បន្ត​អនុវត្តច្បាប់​ដែល​ស្រប​ទៅនឹង​គោលនយោបាយ​ជាតិ​ដាក់ចេញ​ដោយ​សម្តេច​ ហ៊ុន សែន ចំពោះ​វិស័យ​ទេសចរណ៍ និង​ការ​វិនិយោគ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;