កម្ពុជា នឹងបើកស្ថានទូតនៅនេប៉ាល់
- 2018-11-30 01:40:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា នឹងបើកស្ថានទូតនៅនេប៉ាល់
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រាបជូននាយករដ្ឋមន្រ្តីនេប៉ាល់ លោក ខាត់ ហ្គា ប្រាសាទ ស្សាម៉ា អូលី ថាកម្ពុជានឹងបើកស្ថានទូតនៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់ ហើយប្រទេសនេប៉ាល់ អាចបើកស្ថានទួតនៅរាជធានីភ្នំពេញផងដែរ។ ការលើកឡើងនេះក្នុងជំនួបរវាងនាយករដ្ឋមន្រ្តីទាំង២ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នៅប្រទេសនេប៉ាល់។
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីនេប៉ាល់បានមានប្រសាសន៍ថា នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសនេប៉ាល់។ លោកបានចាត់ទុកថា ដំណើរទស្សនកិច្ចនេះ ពិតជាមានសារៈសំខាន់នៅក្នុងប្រវត្តិសាស្ត្រ ហើយលោកបានចាត់ទុកថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសនេប៉ាល់ និងប្រទេសកម្ពុជា គឺមានលក្ខណៈស្និទ្ធិស្នាល និងជាលក្ខណៈមិត្តភាព ដោយប្រទេសទាំងពីរ បានចាប់ផ្ដើមមានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ១៩៧៥មកម្លេះ។
សូមបញ្ជាក់ថា ក្រោយជំនួបខាងលើនេះ នាយករដ្ឋមន្ត្រីទាំង២ ក៏បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ដូចជា៖ ការលើកលែងទិដ្ឋាការ (វីសា) សម្រាប់លិខិតឆ្លងដែនការទូត និងផ្លូវការ, កិច្ចព្រមព្រៀងពាក់ព័ន្ធវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងអនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេសទាំងពីរ, កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌៕