ថៃ អបអរ​ការ​ដាក់ល្ខោន​ខូន ​ជា​បេតិកភណ្ឌ​ពិភពលោក ដោយរៀបចំ​ការ​សម្ដែង​ពីពេលនេះ រហូត​ដាច់​ឆ្នាំ

  • 2018-11-30 01:59:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ UNESCO បាន​ចុះបញ្ជី​ល្ខោនខូនថៃ ជាសម្បតិ្ត​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា​ម្សិលមិញនេះ នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី១៣ នៃ​គណៈ​កម្មការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី នៅ​សាធារណរដ្ឋម៉ូរីស។

ដើម្បីជាការ​អបអរ​ ក្រសួង​វប្បធម៌​ថៃ នឹង​ចាប់ផ្ដើ​មរៀបចំ​រាល់​សកម្មភាព​ដែល​ទាក់ទង​នឹង​ល្ខោនខូន រហូត​ដល់​ដាច់ឆ្នាំ ២០១៨ ដែល​មាន​ដូច​ជា​ការសម្ដែង​ ការ​ធ្វើ​ភាពយន្ត​គំនូជីវចល​ ​ការ​តាំង​ពិពណ៌ ការ​ផលិត​ជា​សៀវភៅ​សម្រាប់​កុមារ ការ​ផលិត​រឿងខ្លី និង​ការផលិិតឯកសារ​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ល្ខោនខូន​​លើ​ប្រព័ន្ធ​ឌីជីថល​ជាដើម។ រាល់​អ្នកដែល​ពាក់ព័ន្ធ​នឹង​ល្ខោនខូន ក៏នឹង​ត្រូវ​​ធ្វើពិធី​អបអរ​ផងដែរ។

ល្ខោនខូនថៃ (រូបភាពពី Bangkok Post)
គួររំលឹកថា ថៃបានចាប់ផ្ដើម​ដាក់ពាក្យស្នើ​ដាក់​ល្ខោនខូន ក្នុង​បញ្ជីសម្បតិ្ត​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ កាលពីខែឆ្នាំ២០១៦។ នៅឆ្នាំ២០១៩ ក្រសួង​វប្បធម៌ថៃ គ្រោង​ស្នើ​ដាក់​ការម៉ាស្សា​បុរាណថៃ (Nuad Thai) និង​របាំ Nora របស់ខ្លួន ជា​សម្បត្តិបេតិកភណ្ឌ​ពិភពលោក ជាបន្តទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ​ល្ខោនខោន​វត្ត​ស្វាយអណ្តែត របស់​កម្ពុជា ក៏ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបីផងដែរ ប៉ុន្តែ​នៅ​ក្នុង​បញ្ជី​ដែល​ត្រូវ​ការពារ និងអភិរក្ស​បន្ទាន់ (Urgent Safeguarding List)៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;