កម្ពុជា-វៀតណាម ប្តេជ្ញា​ដោះស្រាយ​ដើម្បី​ឈាន​ដល់ការ​បោះ​បង្គោល​ព្រំដែន នៅ​តំបន់​ដែល​មិនទាន់​ឯកភាព

  • 2018-11-30 02:41:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា និង​វៀតណាម បាន​ប្តេជ្ញាថា​នឹង​ខិតខំ​ដោះស្រាយ​ការងារ​រាំងស្ទះ​នានា​ ដើម្បី​ឈាន​ទៅ​សម្រេច​ការ​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង២​ឱ្យបានរួចរាល់ នៅ​តំបន់​ដែលមិនទាន់​មានការឯកភាពគ្នា។ ការប្តេជ្ញានេះ ធ្វើឡើង​ក្នុងជំនួបរវាង​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ និងលោក ផាម បិញមិញ ​រដ្ឋមន្រ្តី​ការបរទេស​វៀតណាម ក្នុង​អំឡុងទស្សនកិច្ចរបស់លោក ប្រាក់ សុខុន នៅវៀតណាម ពីថ្ងៃទី២៦ ដល់ ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨។

លោក ប្រាក់ សុខុន ក្នុងជំនួបជាមួយលោក ផាម បិញមិញ នៅក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបថត៖ ក្រសួងការបរទេសកម្ពុជា
យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងការបរទេស​កាលពីថ្ងៃទី២៩វិច្ឆិកា បានឱ្យដឹងថា ក្នុងជំនួប​នេះ រដ្ឋមន្រ្តី​ការបរទេស​ទាំង២ បាន​វាយតម្លៃខ្ពស់​ចំពោះ​គណៈកម្មការ​ចម្រុះ​ខ័ណ្ឌសីមា​ព្រំដែន​គោក និង​ការបោះបង្គោល​ព្រំដែន បាន​ចំនួន​ប្រមាណ ៨៤ភាគរយហើយ។ ដោយឡែកការងារសេសសល់ ១៦ភាគរយទៀត គឺជាតំបន់ព្រំដែន​ដែលមិនទាន់​មានការឯកភាពគ្នា។

សូម​ជម្រាប​ថា កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក​រួម​គ្នា​ប្រវែង​១២៧០​គីឡូ​ម៉ែត ដែល​ត្រូវ​បោះបង្គោល ចំនួន​៣១៤​បង្គោល កាត់តាម​ខេត្ត​ចំនួន​៩ របស់​កម្ពុជា។

បើតាម​ការបង្ហោះ​នៅលើហ្វេសប៊ុករបស់​លោកស្រី កុយ ពិសី អនុ​ប្រធាន​លេខាធិការដ្ឋាន​នៃអាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ច​ការព្រំដែន កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ បង្ហាញថា កម្ពុជា-វៀតណាម បាន​បញ្ចប់​ទាំងស្រុង​នូវការ​បោះបង្គោល​ព្រំដែន ក្នុង​ខេត្ត​រតនគិរី និងមណ្ឌលគិរី នៅតំបន់​ដែល​ឯកភាព​គ្នា ទោះ​មាន​ឧបសគ្គ​ច្រើន​យ៉ាងណាក៏ដោយ។

ជាមួយគ្នានេះ លោក វ៉ា គីមហុង ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជាប្រធាន​គណៈកម្មាធិការ​ព្រំដែន បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​កាលពី​ពេលថ្មីៗ​នេះ​ឱ្យដឹង​ថា ឧបសគ្គ​នៅក្នុង​ដំណើរការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​-វៀតណាម ភាគច្រើន​ជា​កត្តា​ធម្មជាតិ និង​កត្តា​ភូមិសាស្ត្រ។ លោក​បន្ត​ថា ចំពោះ​តំបន់​ដែល​មាន​ភាព​ចម្រូងចម្រាស់ និង​មិន​ទាន់​ឯកភាព​គ្នា​រវាង​ភាគី​ទាំង​២ គឺ​នៅ​មិនទាន់​បាន​បោះបង្គោល​ព្រំដែន​នៅឡើយ​ទេ ដោយ​រង់ចាំ​ជំនួយ​ពី​បារាំង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;