អាល្លឺម៉ង់ នឹង​គាំទ្រ​លើ​វិស័យ​៣ ​នៅ​កម្ពុជា ដែល​ត្រូវការ​ទឹកប្រាក់​៧០​លាន​អឺរ៉ូ

  • 2018-12-03 02:24:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​បង្ហាញ​ឆន្ទៈ​បន្ត​ផ្ដល់​ការ​គាំទ្រ​លើ​វិស័យ​អាទិភាព​ចំនួន​ ៣ នៅ​កម្ពុជា រួម​មាន ​វិស័យ​សុខាភិបាល ​វិស័យ​អភិវឌ្ឍន៍​ជនបទ និង​វិស័យ​អភិបាល​កិច្ច ដែល​កម្ពុជា​បាន​លើក​សំណើ​គម្រោង​ថ្មី និង​គម្រោង​ដែល​ត្រូវ​អនុវត្ត​បន្ត​សរុប​ចំនួន ៥​គម្រោង​ក្នុង​រង្វង់​ហិរញ្ញប្បទាន​សរុប​ប្រមាណ ៧០​លាន​អឺរ៉ូ​។

កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ នៅ​ទីស្ដីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ​

ការ​បង្ហាញ​ឆន្ទៈ​គាំទ្រ​វិស័យ​ទាំង​៣ នៅ​កម្ពុជា ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង់ ​​ត្រូវ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ នៅ​ទីស្ដីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ​។

កិច្ច​ប្រជុំ​នេះ ធ្វើឡើង​ក្រោម​ការ​ចូលរួម​ពី​​លោក ឈៀង យ៉ាណារ៉ា រដ្ឋ​មន្រ្តី​ប្រតិភូ​អម​នាយករដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ជា​អគ្គ​លេខា​ធិការ​គណៈ​កម្មាធិកា​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក Björn Schildberg អនុ​ប្រធាន​ទទួលបន្ទុក​កិច្ចការ​តំបន់​ចិន អាស៊ី​កណ្តាល អាស៊ី​បូព៌ា ឡាវ និង​កម្ពុជា នៃ​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​អាល្លឺម៉ង់ ព្រមទាំង​លោក Ingo Karsten ឯក​អគ្គរដ្ឋ​ទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា មន្រ្តី​ជាន់​ខ្ពស់​សា្ថន​ទូត​អាល្លឺម៉ង់។

កិច្ចប្រជុំ​នេះ​ គឺ​ជា​កិច្ចប្រជុំ​ទ្វេភាគី​លើក​ទី ១៣ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​វេទិកា​ដល់​សំខាន់​ក្នុង​ការ​បន្ត​ពង្រឹង និង ពង្រីក​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ និង​ភាព​ជា​ដៃ​គូ​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​។ គោល​ដៅ​ចម្បង​នៃ​កិច្ច​ប្រជុំ​នេះ គឺ​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា​ក្នុង​ការ​អនុវត្ត​គម្រោង​/កម្ម​វិធី ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​លើក​សំណើ​គម្រោង​ថ្មី និង​គម្រោង​ដែល​ត្រូវ​អនុវត្ត​បន្ត​​ក្នុង​បណ្តា​ឆ្នាំ​ខាង​មុខ សម្រាប់​រដ្ឋាភិបាល​អាល្លឺម៉ង់​ពិចារណា​បន្ត​ផ្តល់​ការ​គាំ​ទ្រ។

ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ផ្តល់​កម្ចី​សម្បទាន​សម្រាប់​គម្រោង​តភ្ជាប់​បណ្តាញ​អគ្គិសនី និង​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​នៅ​កម្ពុជា​​ផងដែរ​។

គួរ​​បញ្ជាក់​ថា គិតពី​ឆ្នាំ​១៩៩២ ដល់ ២០១៨ ​អាល្លឺម៉ង់​បានផ្ដល់​ហិរញ្ញប្បទាន​សរុប​ប្រមាណ ៥៣០​លាន​អឺរ៉ូ ស្មើនឹង​ប្រមាណ ៣,២% នៃទំហំហិរញ្ញប្បទាន​ទាំងអស់​ដែល​ផ្ដល់​ដោយ​ដៃគូ​អភិវឌ្ឍន៍​មក​កម្ពុជា៕


អត្ថបទ៖ លាភ.