រដូវ​ត្រី​ប៉ាស៊ីអ៊ី​ខេត្ត​ស្ទឹងត្រែង​មក​ដល់​ហើយ ចំណែក​តម្លៃ​វិញ​ថ្លៃ​កប់​ពពក

  • 2018-12-03 02:41:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមការ​ចុះផ្សាយ​របស់​រស្មីកម្ពុជា ត្រី​ប៉ា​ស៊ី​អ៊ី​ដែលជា​ប្រភេទ​ត្រី​ដ៍​កម្រ និង​មាន​រសជាតិ​ឆ្ងាញ់​នៅ​ខេត្តស្ទឹងត្រែង​មានតម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​អ្នកនេសាទ​អាច​លក់បាន​ក្នុងតម្លៃ​ចាប់ពី ៣០​ទៅ​១៥០​ដុល្លារ​តាម​ប្រភេទ​ត្រី​តូច​និង​ត្រី​ធំ​ក្នុង​មួយ​ក្បាល។

លោក ទុំ នីរ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា ត្រី​ប៉ា​ស៊ី​អ៊ី​ប្រភេទ​លេខ​១​ដែលមាន​ទម្ងន់​ចាប់ពី ២​គីឡូក្រាម​ឡើងទៅ​ក្នុង​មួយ​ក្បាល​១៥០​ដុល្លារ។ ប្រភេទ​លេខ​២ មាន​ទម្ងន់​ពី ១​គីឡូក្រាម​ទៅ ២​គីឡូក្រាម​តម្លៃ​ពី ៥០​ទៅ​៧០​ដុល្លារ និង​ប្រភេទ​លេខ​៣ ដែល​មាន​ទម្ងន់​ត្រឹម ១​គីឡូក្រាម​ចុះ ថ្លៃ ៣០​ដុល្លារ។ តម្លៃ​នេះ​បាន​ជួយ​ឲ្យ​អ្នកនេសាទ​រកប្រាក់​ចំណូល​បាន​ច្រើន​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ។

លោក​បន្តថា មូលហេតុ​ដែល​នាំ​ឲ្យ​ត្រី​ប៉ាស៊ីអ៊ី​មាន​តម្លៃ​ខ្ពស់ជាង​ប្រភេទ​ត្រី​ផ្សេងៗ​នៅ​ដើមរដូវ​នេសាទ​នេះ គឺ​ដោយសារ​វា​ជា​ប្រភេទ​ត្រី​ដ៍​កម្រ​មាន​រសជាតិ​ឆ្ងាញ់ មាន​ខ្លាញ់​ពណ៌​លឿង​ដូច​បង្កង​ហើយ​មាន​កេ​រ្ត៍​ឈ្មោះ​បោះ​សំឡេង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន ជាពិសេស​អ្នក​ដែលមាន​លុយកាក់​ច្រើន​តែង​ចង់​សាក​រសជាតិ​ត្រី​ប៉ា​ស៊ី​អ៊ី​នេះ បើទោះជា​មានតម្លៃ​ថ្លៃ​យ៉ាងណាក៏ដោយ។

ជំនាញ​ជលផល​បាន​ឲ្យ​ដឹងថា ត្រី​ប៉ា​ស៊ី​អ៊ី​គឺមាន​នៅតែ​ក្នុង​ទ​ន្ល​មេគង្គ​និង​ទន្លេសេកុង ទឹកដី​ខេត្ត​ស្ទឹងត្រែង​តែប៉ុណ្ណោះ​។ ត្រី​នេះ​វា​បាន​ឡើងទៅ​ពង​កូន​នៅក្នុង​ទឹកដី​ជាប់​ព្រំដែន​នឹង​ប្រទេស​ឡាវ ភាគ​ខាងជើង​ខេត្តស្ទឹងត្រែង​ប្រទេស​កម្ពុជា។ នៅពេល​ដល់​រដូវ​ទឹក​ស្រក វា​នឹង​ចាប់ផ្ដើម​ចុះមក​ផ្នែក​ខាងក្រោម មក​រស់នៅ​តាម​ដង​ទន្លេ​ស្ថិតក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង ជាប់​ព្រំប្រទល់​ជាមួយ​ស្រុក​សំបូរ​ខេត្ត​ក្រចេះ​តាម​ដង​ទន្លេមេគង្គ​។ ដោយសារ​ព្រំប្រទល់​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ នៃ​ដង​ទន្លេមេគង្គ​សម្បូរ​ទៅដោយ​ព្រៃ​លិច​ទឹក​កោះ​ថ្ម​ទឹក​ហូរ ជា​លក្ខណៈ​ងាយស្រួល​ក្នុងការ​រស់នៅ​របស់​ត្រី​ទើប​វា​ចូលចិត្ត​ទៅ​រស់នៅ​ទីនោះ៕

រូបភាព៖ រស្មីកម្ពុជា

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;