ចិន បញ្ជូនយានអវកាសទៅកាន់តំបន់អាថ៌កំបាំង១នៅព្រះចន្ទ ដែលអាមេរិក រុស្ស៊ីមិនទាន់ទៅដល់
- 2018-12-08 03:19:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន បញ្ជូនយានអវកាសទៅកាន់តំបន់អាថ៌កំបាំង១នៅព្រះចន្ទ ដែលអាមេរិក រុស្ស៊ីមិនទាន់ទៅដល់
ចន្លោះមិនឃើញ
នៅថ្ងៃសៅរ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៨នេះ ទីភ្នាក់ងារអវកាសរបស់ប្រទេសចិន បានបាញ់បង្ហោះគ្រាប់រ៉ុកកែត បញ្ជូនយានអវកាសមួយគ្រឿង ចេញពីខេត្តស៊ីឈាន់ ប្រទេសចិន ទៅកាន់តំបន់ "ងងឹត" នៃព្រះចន្ទ ដែលមិនធ្លាប់មានប្រទេសណាបានទៅដល់នោះទេ ដូចជា អាមេរិក រុស្ស៊ី និងអឺរ៉ុប។
ចិនបានដាក់ឈ្មោះ បេសកកម្មនេះថា Chang'e 4 ដែលជាបេសកកម្មដ៏មានសារៈសំខាន់សម្រាប់កម្មវិធីអវកាសរបស់ចិន ដើម្បីក្លាយជាប្រទេសនាំមុខគេក្នុងកម្មវិធីអវកាស តាមគោលបំណងរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង។
បើជោគជ័យ ចិននឹងបញ្ជូនយានអវកាសមួយគ្រឿងទៀត ក្នុងបេសកកម្ម Chang'e 5 នៅឆ្នាំ២០១៩ ដើម្បីទៅយកសំណាកគំរូ ពីតំបន់ងងឹតព្រះចន្ទ ត្រឡប់មកកាន់ផែនដីវិញ។ យ៉ាងណាក៏ដោយ ចំពោះបេសកកម្មដែលបញ្ជូនមនុស្សទៅកាន់ព្រះចន្ទ កំពុងស្ថិតក្នុងការពិចារណានៅឡើយទេ។
យានអវកាស Chang'4 នឹងចុះចតនៅលើផ្ទៃដីព្រះចន្ទ ក្នុងរណ្ដៅភពព្រះចន្ទ ដែលគេឲ្យឈ្មោះ Von Karman ។ បេសកកម្មនេះ នឹងប្រើប្រាស់រយៈពេលចំនួន ២៧ថ្ងៃ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua យានដដែលនឹងនាំយកគ្រាប់រុក្ខជាតិ និងពងដង្កូវទៅកាន់ព្រះចន្ទផងដែរ។
សូមបញ្ជាក់ថា ចិន ក៏មានមហិច្ឆតា ក្នុងការបញ្ជូនយានអវកាសទៅចុះចតនៅភពអង្គារ នៅក្នុងទសវត្សរ៍ឆ្នាំ២០២០ ផងដែរ៕