អាកាសយានដ្ឋាន​អន្តរជាតិ​របស់​កម្ពុជា ជាប់​កំណត់ត្រា​ទទួល​បាន​អ្នក​ដំណើរ ១០លាន​នាក់

  • 2018-12-20 02:31:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង៣​របស់​កម្ពុជា (ភ្នំពេញ សៀមរាប ព្រះសីហនុ) បាន​ជាប់​កំណត់​ត្រាខ្ពស់​ដំបូង​បំផុត ដោយ​ទទួល​បាន​អ្នក​ដំណើរ​ ១០លាន​នាក់ ក្នុងឆ្នាំ​២០១៨​នេះ។ ពិធី​អបអរ​សាទរ​នៃការ​ទទួល​បាន​អ្នកដំណើរ​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី១៩ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ដែល​ស្ថិតនៅ​ឃុំរាម ស្រុក​ព្រៃនប់។

លោក វ៉ាន់ ណូរ៉ាក់ អគ្គនាយក​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា នេះជា​ពេលដ៏​វិសេស​វិសាល ដើម្បី​អបអរ​សាទរ​នូវ​សករាជថ្មី​ភាពជា​ដៃគូ​សហការ របស់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​នៅ​កម្ពុជា ដែល​បាន​បម្រើ​សេវាកម្ម​អ្នក​ដំណើរ​ចំនួន ១០លាន​នាក់ សម្រាប់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង៣ ពោលគឺ​ជា​កំណត់ត្រា​ខ្ពស់​ដំបូង​បំផុត នៃការ​ខិតខំ​ប្រឹងប្រែង​រយៈពេល ៥ឆ្នាំ​ចុងក្រោយ។

លោក​បាន​ឱ្យដឹងថា កាលពី​ឆ្នាំ​២០១៧ មានអ្នក​ដំណើរ​ឆ្លងកាត់ ៨លាន​នាក់ នេះជា​ជោគជ័យ​ដ៏​ធំធេង ដោយសារ​ការ​តភ្ជាប់ រវាង​ព្រលាន​យន្តហោះ​ទាំង៣​នៅ​កម្ពុជា ក្រោម​ប្រព័ន្ធ​តែមួយ រួមចំណែក​ក្នុងការ​នាំអ្នក​ដំណើរ កាន់តែ​ច្រើនមក​កម្ពុជា។ នៅឆ្នាំ ១៩៩៥ ក្រុមហ៊ុន​ Cambodia Airports ត្រូវបាន​ផ្តល់​ទំនុក​ចិត្ត ឱ្យ​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មានអ្នក​ដំណើរ​ប្រហែល ៥០ម៉ឺន​នាក់​តែប៉ុណ្ណោះ គឺ​មានតិច​ជាង ២០​ដង បើ​ប្រៀបធៀប​នឹង​ពេល​បច្ចុប្បន្ន។

ពិធី​អបអរ​សាទរ​នៃការ​ទទួល​បាន​អ្នកដំណើរ ១០លាននាក់ ដែលធ្វើឡើងកាលពីថ្ងៃទី១៩ធ្នូ ២០១៨ នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ។ រូបថត៖ AKP
លោក​អគ្គនាយក​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «**ការ​តភ្ជាប់​កាន់តែ​ប្រសើរ​ឡើង ហើយកាន់​តែ​ជោគជ័យ ដែល​យើង​បាន​ច្របាច់​បញ្ចូលគ្នា​រវាង​អាកាសយានដ្ឋាន​ទាំង៣ ឱ្យក្លាយទៅ​ជា​សហគមន៍​តែមួយ គឺមាន​អ្នក​ដំណើរ ១០លាន​នាក់ សម្រាប់​អាកាសយានដ្ឋាន​ទាំង៣ ដោយ​ទំនាក់ទំនង ដ៏​ជិតស្និទ្ធ និង​រឹងមាំ រវាង​ដៃគូ​ពាក់ព័ន្ធ​របស់​អាកាសយានដ្ឋាន​នីមួយៗ​អស់រយៈពេលជាង ២៣ឆ្នាំ​ចុងក្រោយនេះ**»។

«យើងបាន​សហការ​បង្កើត​ស្តង់ដារ ជាពិសេស​ទំនាក់ទំនង​សន្តិសុខ និង​សុវត្ថិភាព ក៏ដូចជា​ការ​គាំពារ​បរិស្ថាន​ផងដែរ ជាមួយ​ក្រសួង​ទេសចរណ៍ ក្នុងការ​ផ្សព្វផ្សាយ ប្រទេស​កម្ពុជា ជា​គោលដៅ​សម្រាប់​អ្នក​ដំណើរ។ បច្ចុប្បន្ន​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង៣ កំពុង​បម្រើ​សេវាកម្ម​ជាង ៦០ គោលដៅ។ ព្រលាន​យន្តហោះ​មិន​ត្រឹមតែ​ជា​ស្ថានីយ​ធ្វើ​ដំណើរ និងការ​មកដល់​របស់​ភ្ញៀវ​រាប់​ទាំងអ្នក​រៀបចំ​ប្រព័ន្ធ​ផ្សេងៗ​នៅ Runways Aprons ផងដែរ»។ លោក វ៉ាន់ ណូរ៉ាក់ បន្ថែម។

ចំណែក​លោក តាំង សុចិត្តគ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​លើ​ទីផ្សារ​ទាំង​១០ របស់​ខេត្ត​ព្រះសីហនុ មាន​ចិន វៀតណាម អង់គ្លេស បារាំង អាមេរិក និង​ភ្ញៀវ​តំបន់​អាស៊ាន មានការ​កើនឡើង​ខ្លាំង ពិសេស​ភ្ញៀវ​ទេសចរ​ចិន ហើយ​ភ្ញៀវខ្មែរ ក៏មាន​ការ​កើនឡើង​គួរ​ឱ្យ​កត់​សម្គាល់​ផងដែរ។

លោក​ឱ្យដឹង​ថា ក្នុង​រយៈពេល ១១​ខែ ឆ្នាំ​២០១៨​ ភ្ញៀវ​ទេសចរ​ចូលតាម​ព្រលាន​យន្តហោះ​អន្តរជាតិខេត្ត​ព្រះសីហនុ មាន​ជិត ៣០ម៉ឺន​នាក់៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;