អភិបាលរង​ខេត្ត​ប៉ៃលិន​ និង​ខេត្តបន្ទាយមានជ័យ ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅខេត្ត​កំពង់ឆ្នាំង

  • 2018-12-21 02:04:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​ម្នាក់​បាន​ស្លាប់​នៅកន្លែងកើតហេតុ និង​២​នាក់​ទៀត​បាន​រង​របួសធ្ងន់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កាលពីរសៀល​ថ្ងៃទី២០ ខែធ្នូ។ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អភិបាលរង​ខេត្តប៉ៃលិន និង​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ។​ នេះ​បើ​យោង​តាមការ​ចុះផ្សាយ​របស់​វិបសាយ​អគ្គស្នងការ​ដ្ឋាននគរបាលជាតិ។

​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង​ បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ទី​១ ឈ្មោះ ​សោម​ មុន្នី​រ័​ត្ន​ អាយុ​៥៦​ឆ្នាំ​ ភេទ​ស្រី​ អភិបាលរង​ខេត្ត​ប៉ៃលិន​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​ ​ទី២ ឈ្មោះ ប៉ុក​ ណា​ឌី​ អាយុ​៤៩​ឆ្នាំ​ ភេទ​ស្រី​ ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ (​របួសធ្ងន់​)​ និង​ទី​៣ ​ឈ្មោះ​ គី​ន​ ណាំ​ចូក​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​ Lexus GS300​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2T-8971​ ទិស​ដៅ​ពី​ខេត្តបន្ទាយមានជ័យ​មក​ភ្នំពេញ​។​

​យោង​តាម​របាយការណ៍​បន្ត​ថា​ មុន​ពេល​កើតហេតុ​រថយន្ត​ខាងលើ​បាន​បើកបរ​ទិស​ដៅ​ពី​ខេត្ត​មក​រាជធានី​ភ្នំពេញ​ ពេល​មក​ដល់​កន្លែង​កើតហេតុ​រថយន្ត​ខាងលើ​បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុង​ និង​បន្ត​ទៅ​បុក​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ទៀត​។​

​បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​ ចំណែក​សាកសព​យក​មក​ដំកល់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។​ មធ្យោបាយ​ពាក់ព័ន្ធ​សមត្ថកិច្ច​ជំនាញ​វាស់វែង​យក​មក​រក្សា​ទុក​នៅ​អធិការ​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

រថយន្ត​ Lexus GS300 របស់​ជនរងគ្រោះ
រថយន្ត​សាំយ៉ុង ដែល​ត្រូវបាន​រថយន្ត Lexus រ៉េចង្កូត​បុក
ក្រោយ​បុក​រថយន្ត​សាំយ៉ុង រថយន្ត Lexus GS300 ក៏បាន​បន្ត​ទៅ​បុក​រថយន្ត​ហ៊ីយ៉ាន់ដាយ​មួយគ្រឿងនេះទៀត
ទិដ្ឋភាព​ជារួម​ក្រោយ​ពេល​កើតហេតុ

រូបភាព៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;