សម្តេច ហ៊ុន សែន ហៅ​ព័ត៌មាន​ដែល​ផ្សាយថា «ចាប់លោក​ គិត ម៉េង» ជា​​ការ​ភូតកុហក និង​បាត់​តម្លៃ

  • 2018-12-26 03:06:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្លែង​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​ជាង ១ម៉ឺននាក់​នៅ​ខេត្ត​កណ្តាល នាព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ហៅ​ព័ត៌មាន​ដែលផ្សាយ​ថា សម្តេច បាន​ចាប់ខ្លួន​លោក​ឧកញ៉ា គិត ម៉េង នោះ ជា​ព័ត៌មាន "ឡប់" ភូត​កុហក និង​បាត់​តម្លៃ។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
ការ​ថ្លែង​ខាងលើនេះ ធ្វើឡើង​បន្ទាប់ពី​​មានការ​ចុះផ្សាយ​អត្ថបទ​មួយ​កាលពីថ្មីៗនេះ ដែល​មាន​ចំណងជើង​ថា៖ «​ដំណឹង​បន្ទាន់ ហ៊ុន សែន ខឹង​ខ្លាំង​ណាស់ ចាប់ខ្លួន​ឧកញ៉ា​គិត ម៉េង មិញៗ​នេះ​ផ្អើល»​។

ចំពោះការ​លើកឡើង​ថា សម្តេច ហ៊ុន សែន ឱ្យ​លុយទៅ​បុគ្គលិក​ទូរទស្សន៍ CNC និង​បាយ័ន ថា​បាន​លុយមក​ពីណានោះ សម្តេច​អះអាង​បញ្ជាក់​ថា គឺជា​លុយ​របស់​សម្តេច​ផ្ទាល់៖ «និយាយ​ឱ្យច្បាស់ លុយអញ! អញធ្វើ​ប៉ុណ្ណឹងដែរ អញអត់​លុយ?...»។ សម្តេច​បន្ត​ថា ជំនួយ​ឧបត្ថម្ភ​សម្រាប់​បុគ្គលិក ឬមន្រ្តី​រាជការ ឬក៏អ្នក​ដែលជួប​ការ​លំបាក គឺតែងតែ​មាន​ពី​នាយករដ្ឋមន្រ្តី និង​ភរិយា​របស់​នាយក​រដ្ឋមន្រ្តី។

សូម​រំលឹក​ថា កាលពីថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ២០១៨​កន្លងទៅ ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ​កម្ពុជា ហៅ​កាត់​ថា CBS ដែល​គ្រប់គ្រង​លើ​ទូរទស្សន៍ CTN, My TV, CNC និង One TV ក៏​បាន​ចេញ​សេចក្ដី​បំភ្លឺផងដែរ ​ជុំវិញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ថា លោក គិត ម៉េង ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​នេះ ត្រូវ​សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់ខ្លួន​។ ក្រុមហ៊ុន​នេះ ហៅ​​ការ​ផ្សព្វផ្សាយ​បែបនេះ​ថា មាន​បំណង​ទុច្ចរិត បំភ័ន្ត​មតិ​សាធារណៈ គ្មាន​សីលធម៌ និង​ប្រមាថ​សេចក្ដីថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ​ជាតិ និង​លោក គិត ម៉េង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;