ថៃ ចែកចាយ Wifi ឥតគិតថ្លៃ ក្នុង​តំបន់​ដាច់​ស្រយាលទូទាំង​ប្រទេស​

  • 2018-12-26 06:47:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថៃ នឹង​ផ្ដល់​អ៊ីនធឺណិត WiFi ដោយ​ឥតគិតថ្លៃ រយៈពេល ៣ឆ្នាំ​ ជូន​ដល់​ប្រជាជន​ដែល​មាន​ចំណូល​ទាប​គ្មាន​លទ្ធភាព​ប្រើ​អ៊ីនធឺណិត នៅ​ក្នុង​តំបន់​ដាច់ស្រយាល​នានា ក្រោម​គម្រោង​របស់​គណៈកម្មការ​ផ្សព្វផ្សាយ​ជាតិ និង​ទូរគមនាគមន៍​ថៃ (NBTC) ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អគ្គលេខាធិការ NBTC កាលពី​ថ្ងៃ​ទី២៥ ខែ​ធ្នូ ឆ្នាំ​២០១៨។

លោក Takorn Tantasith អគ្គ​លេខាធិការ​គណៈកម្មការ NBTC បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ផ្ដល់ WiFi ឥត​គិត​ថ្លៃ​នេះ ជា​គម្រោង​ដែល​គេ​ស្គាល់​ថា Universal Service Obligation (USO) ក្នុង​គោល​បំណង​ចែកចាយ​ជូន​ប្រជាជន​ថៃ ៦,៣លាន​នាក់ ឬ ស្មើ​នឹង​ផ្ទះ ២,១​លាន​ខ្នង ឬ​ស្មើ​នឹង​ភូមិ​ចំនួន ៣៩២០​ភូមិ​ដែល​ស្ថិតនៅ​តំបន់​ដាច់​ស្រយាល ដើម្បី​ទទួល​បាន​អ៊ីនធឺណិត ប្រើប្រាស់​នៅ​ឆ្នាំ​២០១៩។

លោក​បន្ត​ថា ចាប់​ពី​ឆ្នាំ​២០១៩ ដល់ ២០២៤ គេ​នឹង​ដំឡើង​ WiFi នៅ​ទីតាំង​សាធារណៈ​ចំនួន ៥២២៩ កន្លែង ដោយ​ឥតគិតថ្លៃ។ បន្ថែម​ពី​នេះ សាលារៀន​ចំនួន ១២១០ កន្លែង និង​មន្ទីរពេទ្យ​ក្នុង​ឃុំ​ចំនួន ១០៧ កន្លែង​ នឹង​ទទួល​បាន​អ៊ីនធឺណិត​ផង​ដែរ​។

លោក​បន្ថែម​ថា មជ្ឈមណ្ឌល​ចែកចាយ​អ៊ឺនធឺណិត​របស់​គម្រោង USO ខាងលើ​ សរុប​ចំនួន ៧៦៣ កន្លែង ក៏​នឹង​ត្រូវ​សាងសង់​ផងដែរ​។ មជ្ឈមណ្ឌល​នីមួយៗ នឹង​ត្រូវ​បំពាក់​កុំព្យូទ័រ​ចំនួន ១២​គ្រឿង និង​មាន​អ្នក​ជំនាញ​ប្រចាំការ ចាំ​ផ្ដល់​សេវាកម្ម​ជូន​អ្នក​ប្រើប្រាស់​។

អគ្គលេខាធិការ​គណៈកម្មការ NBTC ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​ប្រជាជន​ថៃ​មួយ​ចំនួន ​មិន​មាន​លទ្ធភាព​ចំណាយ​លើ​ថ្លៃ​អ៊ីនធឺណិត ដូច្នេះ NBTC នឹង​ផ្ដល់​ជូន​អ៊ឺនធឺណិត ល្បឿន ៣០/១០ Mbps ដោយ​មិន​គិត​ប្រាក់ ​ចាប់ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៩ ដល់ ចុង​ខែ​មេសា ឆ្នាំ​២០២២ សម្រាប់​អ្នក​មាន​ចំណូល​ទាប ស្ថិត​ក្នុង​តំបន់​ដែល​បាន​ចុះ​ក្នុង​បញ្ជី​កម្មវិធី​រដ្ឋាភិបាល។ ដោយឡែក នៅ​ពេល​ផុត​កាលកំណត់ គេ​ត្រូវ​បង់​ប្រាក់ ២០០​បាត ក្នុង​មួយ​ខែ ដើម្បី​បន្ត​ប្រើប្រាស់​សេវា​នេះ។

លោក​បន្ត​ថា ក្រោម​គម្រោង USO ភូមិឋាន​ទាំងអស់​ក្នុង​ប្រទេស​ថៃ នឹង​មាន​អ៊ឺនធឺណិត​ប្រើប្រាស់។ គម្រោង​នេះ មាន​វិសាលភាព​គ្រប​ដណ្ដប់​លើ​ភូមិឋាន​សរុប​ចំនួន ៧៤៩៨៧ កន្លែង ទូទាំង​ប្រទេស​ថៃ ដោយ​ត​ភ្ជាប់​ភូមិឋាន​ទាំង​នេះ ទៅ​កាន់​តំបន់​សេដ្ចកិច្ច​ចំនួន ៣០៦៣៥​ភូមិ ដែល​ផ្គត់ផ្គង់​អ៊ីនធឺណិត​ដោយ​ក្រុមហ៊ុន​ឯកជន និង​តំបន់​ជនបទ​ចំនួន ៤៤៣៥២ កន្លែង​ដែល​ផ្គត់ផ្គង់​ដោយ​ក្រសួង​សេដ្ឋកិច្ច​ឌីជីថល​ថៃ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;