បិសាច​ក្រហម​បន្ត​ការ​ឈ្នះ ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​ថ្មី ខណៈ​ហង្ស​ក្រហម ដាច់​កាន់​តែ​ឆ្ងាយ

  • 2018-12-27 01:55:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បិសាចក្រហម Manchester United បានបន្តការឈ្នះរបស់ខ្លួន ក្នុងការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មី ដែលទើបតែតែងតាំងកាលពីសប្ដាហ៍មុន​ ដោយបានបំបាក់ក្រុមបាតតារាង Huddersfield ដោយលទ្ធផល ៣-១ ក្នុង​កីឡដ្ឋាន Old Trafford កាលពីយប់មិញ ក្នុងការប្រកួត​សប្ដាហ៍ទី១៩។

ចំណែក​ ក្រុមហង្សក្រហម Liverpool បាន​បន្ថែមគម្លាត​រវាងក្រុមលេខ២ ក្រោយពីយកឈ្នះលើ Newcastle ៤-០ ស្របពេលដែលក្រុម Manchester City ផ្លាត់ចាញ់​ជាថ្មី ក្រោមថ្វីជើង​ម្ចាស់ផ្ទះ Leicester ២-១។

ជំនួបរវាង Man Utd និង Hudderfield គឺកូនក្រុមរបស់លោក Ole Gunnar Solskjaer គ្រូបង្វឹកថ្មីក្រុមបិសាចក្រហម បាន​ធ្វើការនាំមុខ១គ្រាប់ក្នុងតង់ទីមួយ ដោយ​ខ្សែបម្រើ Nemanja Matic នៅនាទី២៨។ ក្នុងតង់ទីពីរ Man Utd បន្ថែម២គ្រាប់ ដោយ Paul Pogba នៅនាទី ៦៤ និង ៧៨ មុន​ក្រុមភ្ញៀវអាចវាយបកបាន១គ្រាប់នៅនាទី៨៨។

លទ្ធផលនេះ ​មិន​ធ្វើឲ្យចំណាត់ថ្នាក់ Man Utd ប្រែប្រួលឡើយ ពោលគឺនៅលេខ ៦ ដដែល ដោយមាន ៣២ពិន្ទុ តាមពីក្រោយ Arsenal ដែលស្មើយប់មិញ មាន ៣៨ពិន្ទុ។

ចំណែក Liverpool ​បន្ត​ភាពមិនស្គាល់ពាក្យថាចាញ់​ក្នុង​រដូវកាលនេះ ដោយបាន​បំបាក់​ Newcastle ចេញពីខ្សែការពារ Lovren នៅនាទី១២, Salah (ប៉េណាល់ទី) នាទី៤៨, Shaqiri នាទី៧៩ និង Fabinho នៅនាទី៨៥។

​ក្រុមហង្សក្រហម ​បន្ត​ឈរលេខ​១ មាន​៥១ពិន្ទុ ចំណែក Man City ដែលចាញ់ Leicester បានធ្លាក់ទៅលេខ៣ មាន ៤៤ពិន្ទុ ខណៈ Tottenham Hotspur ឡើងមកលេខ២វិញ មាន ៤៥ពិន្ទុ ​ក្រោយ​លត់ Bournamouth ៥-០ យប់មិញ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;