ឆ្នាំ​ថ្មី​ខាងមុខ​ ត្រាំ​ គ្រោង​ផ្ដល់​កាដូ​ទឹកភ្នែក​មួយ​ឲ្យ​ Huawei និង ZTE

  • 2018-12-27 08:17:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ប្រធានាធិបតី​អាមេរិក ដូណាល់​ ត្រាំ គ្រោង​ចេញ​បទ​បញ្ជា​ប្រតិបត្តិ​ថ្មី​មួយ​នៅ​ដើម​ឆ្នាំ​២០១៩ ដើម្បី​ប្រកាស​ភាព​អាសន្ន ដោយ​បិទ​មិន​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ប្រើប្រាស់​ឧបករណ៍​ទូរគមនាគមន៍ ដែល​ផលិត​ដោយ​​ក្រុមហ៊ុន​ចិន​ចំនួន​ពីរ គឺ​ Huawei និង ZTE ។ នេះ​បើ​តាម​ប្រភព​ប្រាប់​ទៅ​កាន់​សារព័ត៌មាន Reuters ​កាលពី​ពេល​ថ្មីៗនេះ​។

លោក ត្រាំ ស៊ីញេលើបទបញ្ជាប្រតិបត្តិមួយ កាលពីពេលកន្លងទៅ (រូប៖ Reuters)
នេះ​គឺ​ជា​ជំហរ​ថ្មី​មួយ​ទៀត របស់​រដ្ឋបាល​លោក ដូណាល់ ត្រាំ​ ​ក្នុង​ចេតនា​កម្ចាត់​ក្រុមហ៊ុន Huawei និង ZTE ពី​ទឹកដី​អាមេរិក​។ អាមេរិក បាន​ចោទ​ក្រុមហ៊ុន​ទាំងពីរ ថា​បាន​ធ្វើការ​ឲ្យ​រដ្ឋាភិបាល​ចិន​ដើម្បី​ធ្វើ​ចារកម្ម​លើ​អាមេរិក​។

ប្រភព​ពី​ឧស្សាហកម្ម​ទូរគមនាគមន៍ និង​រដ្ឋបាល​លោក​ត្រាំ បាន​ប្រាប់​ Reuters ថា បទ​បញ្ជា​ប្រតិបត្តិ​របស់​លោក​ត្រាំ ដែល​ត្រូវ​បាន​ពិភាក្សា​ជាង ៨​ខែ​នោះ អាច​នឹង​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​អាមេរិក នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០១៩​។ ក្រសួង​ពាណិជ្ជកម្ម​អាមេរិក នឹង​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក មិន​ឲ្យ​ទិញ​ឧបករណ៍​ពី​ក្រុមហ៊ុន​បរទេស​។

ប្រភព​បន្ត​ថា ក្នុង​បទ​បញ្ជា​ប្រតិបត្តិ​ជា​លាយលក្ខណ៍អក្សរ​ខាងលើ​ មិនទាន់​ត្រូវ​បាន​បញ្ចប់​នៅ​ឡើយ​ទេ​ និង​មិន​បាន​ចារ​ឈ្មោះ​ Huawei និង ZTE ក្នុង​នោះ​ដែរ​។ យ៉ាងណា​ប្រភព​រំពឹង​ថា មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក នឹង​​ពន្យល់​បទ​បញ្ជា​ប្រតិបត្តិ​នេះ​ឲ្យ​បាន​ច្បាស់លាស់​។

គួរ​រំឭក​ថា កាល​ពី​ខែ​សីហា ឆ្នាំ​២០១៨​ អាមេរិក​ចេញ​សេចក្ដី​ព្រាង​គោល​នយោបាយ​ការពារ​ជាតិ​មួយ ដោយ​ហាមឃាត់​មន្ត្រី​រដ្ឋាភិបាល​អាមេរិក ពី​ការ​ប្រើប្រាស់​ឧបករណ៍​របស់ Huawei និង ZTE ​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;