លោក ស៊ី ជិនពីង ព្រមាន​ប្រើ​កម្លាំង ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​​ប្រកាស​ឯករាជ្យ​របស់​តៃវ៉ាន់

  • 2019-01-02 07:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បាន​ព្រមាន​ប្រើកម្លាំង និង​ត្រៀម​ចាត់​វិធានការ​ចំាបាច់​ទាំងអស់ ដើម្បី​ប្រឆាំងនឹងសកម្មភាពផ្តាច់ខ្លួន​ប្រកាស​ឯករាជ្យ​របស់​តៃវ៉ាន់ និង​កម្លាំង​ខាងក្រៅ​ដែល​ជ្រៀតជ្រែក​ចំពោះ​​ការ​បង្រួប​បង្រួម​គ្នានេះ។ ការថ្លែង​នេះ ធ្វើឡើង​នៅក្នុង​ពិធី​រំលឹកខួប៤០ឆ្នាំ​នៃ​​ការ​ប្រកាស​សេចក្តី​ថ្លែងការណ៍​គោលនយោបាយ​របស់​ចិន​​ទៅ​លើ​តៃវ៉ាន់ នាព្រឹក​ថ្ងៃទី២ ខែ​មករា ឆ្នាំ​២០១៩ នៅ​សាល​ប្រជាជន​ក្នុងក្រុង​ប៉េកាំង។

លោក ស៊ី ជិនពីង បាន​ប្រាប់​ប្រជាជន​តៃវ៉ាន់​ថា ឯករាជ្យ​របស់​តៃវ៉ាន់ បាន​ត្រឹម​តែ​បង្ក​ឱ្យមាន​មហន្តរាយ​តែ​ប៉ុណ្ណោះ។ លោក​​អំពាវនាវ​ឱ្យ​មាន​ការ​បង្រួបបង្រួម​គ្នា​ ប៉ុន្តែ​​ត្រូវ​តែ​ធ្វើឡើង​ក្រោម​គោលការណ៍​ចិន​តែមួយ។

លោក​ ស៊ី ជិនពីង ថ្លែងនាព្រឹកថ្ងៃទី២ មករា ២០១៩ នៅ​សាល Great Hall ក្នុងក្រុងប៉េកាំង (រូបថត៖ Reuters)
«**យើង​បាន​សម្រេច​ជោគជ័យ​ដ៏មហិមា ក្នុងការ​កម្ទេច​ក្រុម​ដែល​ចង់​ឯករាជ្យ ឬសកម្មភាព​បំបែក​ខ្លួនណាមួយ។ គ្មាននរណាម្នាក់ គ្មាន​បក្សណា​ទាំងអស់ ដែល​អាច​ផ្លាស់ប្តូរ​ការពិត​នៃ​ប្រវត្តិសាស្រ្ត​ថា តៃវ៉ាន់​គឺជា​ផ្នែក​មួយ​របស់ចិន**»។ នេះជា​ការលើកឡើង​​បន្ថែម​របស់​លោក​ប្រធានាធិបតី​ចិន។

សូម​បញ្ជាក់​ថា បញ្ហា​តៃវ៉ាន់​គឺជា​បញ្ហា​ដ៏រសើប​បំផុត​មួយ​របស់​ចិន ជាពិសេស​ចិន​បាន​បង្កើន​សម្ពាធ​ទៅលើ​តៃវ៉ាន់ បន្ទាប់ពី​លោកស្រី Tsai Ing-wen មកពីគណបក្សវឌ្ឍនភាព​ប្រជាធិបតេយ្យ​ដែល​តែងតែមាន​មហិច្ឆតា​ចង់​ប្រកាសឯករាជ្យនោះ ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​តៃវ៉ាន់ ក្នុង​ឆ្នាំ​២០១៦៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;