ស៊ូ យ៉ាទី នឹង​ក្លាយ​ជា​កីឡាករខ្មែរ​តែ​ម្នាក់គត់ ដែល​លេងក្នុង​ពាន AFC Cup ៣ឆ្នាំ​ជាប់គ្នា

  • 2019-01-03 04:16:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកចាំទី​របស់​ក្លឹប​ណាហ្គាវើល ស៊ូ យ៉ាទី នឹង​ក្លាយ​ជាកីឡាករ​កម្ពុជា​តែម្នាក់គត់​ ដែល​លេង​ក្នុងពាន​រង្វាន់ AFC Cup ៣ឆ្នាំ​ជាប់ៗគ្នា។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់ CNCC កាលពី​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០១៩។

ស៊ូ យ៉ាទី ក្នុងការប្រកួតមួយរបស់ណាហ្គាវើល នៅស្តាតចាស់
ស៊ូ យ៉ាទី ដែល​ផ្លាស់​ទៅ​ណាហ្គាវើល​កាល​ពី​ពាក់​កណ្ដាល​រដូវកាល​​មុន​នេះ​ នឹង​​បង្ហាញ​ខ្លួននៅ​​ AFC Cup ជា​មួយ​ណាហ្គាវើល​ ក្រោយ​បង្ហាញ​ខ្លួន​ពីរ​​ឆ្នាំ​​ជាប់​គ្នា​ក្នុង​ពាន​លំដាប់​ទី​២ ទ្វីប​អាស៊ីនេះ ​ជា​មួយ​ក្លឹប​បឹងកេត។ នេះ​ជា​កំណត់​ត្រា​ថ្មី​ មួយ​ទៀត​សម្រាប់​អ្នក​ចាំ​ទី​ដៃ​ស្អិត​រូប​នេះ។

កីឡាករ​វ័យ២៧ឆ្នាំ​រូបនេះ ជា​អ្នក​ចាំ​ទី​ត្រូវ​បាន​កត់​ត្រា​ក្នុង​ប្រវត្តិ​បាល់ទាត់​កម្ពុជា តាម​រយៈ​​​ការ​​រួម​ចំណែក​ឲ្យ​ ៤ ក្លិប​ឈ្នះ​ពាន​ផ្សេង​គ្នា។  យ៉ាទី ​ឈ្នះ​​ពាន​នៅ​​ក្លឹប​ក្រសួង​ការពារជាតិ​, ភ្នំពេញក្រោន, បឹងកេត​ និង​ ចុង​​ក្រោយ​ ណាហ្គាវើល។

ស៊ូ យ៉ាទី កាលនៅ​បឹងកេត

នៅ​ឆ្នាំ​ ២០១០​ ជា​ឆ្នាំ​ដំបូង​ដែល​ ស៊ូ យ៉ាទី​ លើក​ពាន​សម្ដេច​ ហ៊ុន សែន​  ពេល​​​លេង​នៅ​ការពារជាតិ​ជា​មួយ​អ្នក​ចាំ​ទី​រៀម​ច្បង​ សំរឹទ្ធ សីហា។​  ​ក្រោយ​មក​ យ៉ាទី​​​ ជួយ​ ភ្នំពេញក្រោន​ ឈ្នះ​ពាន​​លីគ​កំពូល​ឆ្នាំ​ ២០១៤ ​​ និង  ​ទទួល​បាន​លេខ​៣​នៅ​ពាន​ Mekong Club Championship ​​​បន្ទាប់​ពី​​ផ្លាស់​ពី​ការពារជាតិ​នៅ​ឆ្នាំ ​២០១៣។​  កាន់​តែ​គួរ​ឲ្យ​កត់​សំគាល់​​ យ៉ាទី ជួយ​ឲ្យ​ បឹងកេត​ លើក​ពាន​​លីគ​កំពូល​ ២ ដង​ជាប់​គ្នា​ ​នៅ​ឆ្នាំ​ ២០១៦ និង​ ​២០១៧ ​និង​ កក់​កៅ​អី​​លេង​ពាន AFC Cup។ ​ ឆ្នាំ​ ២០១៥ ជា​ឆ្នាំ​ល្អ​ទៀត ពេល​ជួយ​​​បឹងកេត​ ​ក្លាយ​ជា​ជើង​ឯក​រង​ Mekong Club Championship​។ គេ​បាន​​ក្លាយ​ជា​អ្នក​ចាំ​ទី​​ល្អ​នៅ​ពាន Mekong Club Championship ​​នា​ឆ្នាំ​ ២០១៥ ទៀត​ផង។ ​​​មិន​ត្រឹម​ជួយ​​បឹងកេត​ ឈ្នះ​ពាន តែ​ខ្លួន​គេ​ផ្ទាល់​​ ​ឈ្នះ​ពាន​ស្រោម​ដៃ​នៅ​លីគ​កំពូល​កម្ពុជា​ ​២០១៧ ផងដែរ។  

ឆ្នាំ​ ២០១៨​ ជា​ឆ្នាំ​ជោគជ័យ​ថ្មី​មួយ​ទៀត​ ​ពោល​​គឺរូប​គេ​ បាន​ជួយ​ឲ្យ​​ណាហ្គាវើល ឈ្នះ​ពាន​​លីគ​កំពូល​ ​បន្ទាប់​ពី​ខកខាន​តាំង​ពី​ឆ្នាំ​ ​២០០៩មក។​ ​ឆ្នាំ​ ២០១៩នេះ ជា​ឆ្នាំ​ដែល យ៉ាទី ​ត្រូវ​​រួម​ចំណែក​ជួយ​ណាហ្គាវើល​ ដើម្បី​​​ត្រៀម​​ការ​​ប្រកួត​ក្នុង​ពាន  AFC Cup។

​សូម​ជម្រាប​ថា ក្នុងពាន​ AFC Cup 2019 ណាហ្គាវើល ស្ថិត​នៅ​ពូល​ F ជា​មួយ​ Hanoi FC  ​របស់​វៀតណាម , Tampines Rovers  របស់​សិង្ហបុរី​  និង ​Yangon United /​ Zwekapin United​ របស់​មីយ៉ាន់ម៉ា។​ ​ ណាហ្គាវើល ​នឹងប្រកួត​បើក​ឆាក​​ដោយ​​ទៅ​សួរ​សុខទុក្ខ​​​ម្ចាស់​ផ្ទះ​ Hanoi FC ​នា​ថ្ងៃ​ទី​ ២៦​ ខែ កុម្ភៈ​ ឆ្នាំ​ ២០១៩ ​ខាង​មុខ​ មុន​​​ទទួល​ភ្ញៀវ​ Yangon United /​ Zwekapin United របស់​ មីយ៉ាន់ម៉ា ​នៅ​ទឹក​ដី​កម្ពុជា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;