ឡាវ-វៀតណាម គ្រោង​សង់​ផ្លូវ​ល្បឿនលឿន​ភ្ជាប់​រដ្ឋធានី​ទាំង២ ​ប្រវែង​ជាង ៧០០​គីឡូម៉ែត្រ

  • 2019-01-03 09:13:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ឡាវ និង​វៀតណាម មាន​គម្រោង​សង់ផ្លូវ​ល្បឿនលឿន វៀងចន្ទន៍-ហាណូយ ប្រវែង​សរុប ៧០៧​គីឡូម៉ែត្រ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវការ​ដឹកជញ្ជូន​រវាង​ប្រទេស​ទាំង២។ គម្រោង​នេះ នឹង​ត្រូវ​លើកយក​មក​ពិភាក្សា​បន្ថែម​ក្នុង​ជំនួប​រវាង​នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​ទាំង២ នាពេល​ខាងមុខ​នេះ។

យោងតាម​វេបសាយ​ Vientianetimes ដែល​ដកស្រង់​ចេញពី​របាយការណ៍​មួយ​ឱ្យដឹង​ថា ផ្លូវ​ល្បឿនលឿន​ដែល​មាន ៦គន្លង​នេះ នឹង​ត្រូវ​ចំណាយ​ប្រមាណ ៤,៥​ពាន់​លាន​ដុល្លារ ក្នុង​ការ​សាងសង់។ ចំពោះ​ការ​ចំណាយ​ដ៏ច្រើន​នេះ រដ្ឋាភិបាល​ទាំង២ ក៏​កំពុង​ស្វែងរក​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​ប្រទេស​ជប៉ុន​ផងដែរ។

រូបតំណាង
នៅ​ក្នុង​អនុស្សារណៈ​នៃការ​យោគយល់​គ្នា​មួយ​រវាង​រដ្ឋាភិបាល​ឡាវ និង​វៀតណាម ស្តី​អំពី​កិច្ច​សហប្រតិបត្តិការ​ដឹកជញ្ជូន​សម្រាប់​ឆ្នាំ ២០១៦-២០២៥ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៥ ឱ្យដឹង​ថា ភាគី​ទាំង២ បាន​កំណត់​យក​គម្រោង​ផ្លូវល្បឿលឿន វៀងចន្ទន៍-ហាណូយ និង​ផ្លូវដែក វៀងចន្ទន៍-វ៉ុងអាង ជា​គម្រោង​យុទ្ធសាស្រ្ត​ដែល​ត្រូវ​អនុវត្ត​យ៉ាង​ឆាប់​រហ័ស ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី។

ទំហំ​ពាណិជ្ជកម្ម​រវាង​ឡាវ និង​វៀតណាម បាន​ឈាន​ដល់ ៩០០លានដុល្លារ​ក្នុងឆ្នាំ​២០១៧ កើនឡើង​ ១០% បើ​ប្រៀបធៀបនឹង​ឆ្នាំ​២០១៦។ ប្រទេស​ទាំង២ បាន​កំណត់​គោលដៅ​សម្រេច​ទំហំ​ពាណិជ្ជកម្ម​ឱ្យបាន​ដល់ ៤ពាន់​លាន​ដុល្លារ នៅ​ត្រឹមឆ្នាំ​២០២០។

សូម​ជម្រាប​ថា នាយករដ្ឋមន្រ្តី​ឡាវ លោក ថងលូន ស៊ីសូលីត នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​បំពេញ​ទស្សនកិច្ច​នៅវៀតណាម ពីថ្ងៃទី​៥ ដល់ ៦ ខែ​មករា ឆ្នាំ​២០១៩ តបតាម​ការអញ្ជើញ​របស់​នាយករដ្ឋមន្រ្តី​វៀតណាម លោក ង្វៀន សួនហ៊្វុក៕

ប្រភព៖ Vientiane Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;