មាន​អ្វី​ពិសេស ទើប​មេដឹកនាំ​កូរ៉េខាងជើង តែងតែ​ជិះ​រថភ្លើង​ទៅ​ចិន?

  • 2019-01-08 07:50:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ទៅ​ដល់​ក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃ​អង្គារ ទី៨ ខែ​មករា ឆ្នាំ​២០១៩​នេះ តាម​រថភ្លើង​ពិសេស​ផ្ទាល់ខ្លួន​របស់​លោក ក្នុង​គោល​បំណង​ធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ៤ថ្ងៃ​ និង​​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​។

តើ​មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ ដែល​ធ្វើឲ្យ​មេដឹកនាំ​កូរ៉េខាងជើង​តែងតែ​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​មួយ​នេះ?

រថភ្លើងរបស់មេដឹកនាំកូរ៉េខាងជើង​
យោង​តាម​សារព័តមាន The New York Times ចុះ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៨ ដែល​បាន​ដកស្រង់​ពី​របាយការណ៍​ស៊ើប​អង្កេត​នានា​ បាន​ឲ្យ​ដឹង​ថា រថភ្លើង​របស់​មេដឹកនាំ​កូរ៉េខាងជើង មាន​តួ​រថភ្លើង​ចំនួន​ ៩០ ដែល​ត្រូវ​បាន​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​។ ជំនាន់​លោក គីម ជុងអ៊ីល ដែល​ជា​ឪពុក​លោក គីម ជុងអ៊ុន គឺ​លោក​ជិះ​រថភ្លើង​មួយ​ខ្សែ ដែល​អម​ដំណើរ​ដោយ​រថភ្លើង​ ២​ខ្សែ​ទៀត។ រថភ្លើង​ ២ខ្សែ​នោះ គឺ ១​គ្រឿង​បើក​ទៅ​មុន ដើម្បី​ការពារ​សុវត្ថិភាព​មេដឹកនាំ​កូរ៉េខាងជើង ខណៈ​១គ្រឿង​ទៀត បើក​តាម​ក្រោយ ដោយ​មាន​ផ្ទុក​អង្គរក្ស និង​គ្រឿង​ផ្គត់ផ្គង់​ផ្សេង​ៗ​។

ប្រភព​បន្ត​ថា តួ​រថភ្លើង​នីមួយៗ មិន​អាច​បាញ់​ទម្លុះ​ដោយ​គ្រាប់​កាំភ្លើង​បាន​ឡើយ។ កត្តា​នេះ ធ្វើឲ្យ​រថភ្លើង​មាន​ទម្ងន់​ធ្ងន់​ជាង​មធ្យម ដែល​ធ្វើឲ្យ​រថភ្លើង​បើក​បាន​យឺត។ ជាទូទៅ វា​រត់​ក្នុង​ល្បឿន​ប្រមាណ​តែ ៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ​។

ក្នុង​សម័យ​កាល​របស់​លោក គីម ជុងអ៊ីល លោក​តែងតែ​យក​អង្គរក្ស​តាម​ខ្លួន​ចំនួន ១០០​នាក់ ឲ្យ​ជិះ​រថភ្លើង​បើកមុខ ដើម្បី​ស្វែងរក​គ្រាប់​បែក និង​ការ​គំរាមកំហែង​ផ្សេងៗ ព្រមទាំង​សាកល្បង​សុវត្ថិភាព​របស់​ផ្លូវដែក។ បន្ថែម​ពី​នេះ ឧទ្ធម្ភាគចក្រ និង​យន្តហោះ​ ត្រូវ​បើក​អម​ដំណើរ ដើម្បី​ពង្រឹង​បន្ថែម​សុវត្ថិភាព​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​។​

លោក គីម ជុងអ៊ុន ចេញពីក្នុងរថភ្លើង

ប្រភព​ខាងលើ​ឲ្យ​ដឹង​ទៀត​ថា ស្ថានីយ​រថភ្លើង​ចំនួន ២០ ត្រូវ​បាន​សាងសង់​នៅ​ទូទាំង​ប្រទេស​កូរ៉េខាងជើង សម្រាប់​ការ​ប្រើប្រាស់​របស់​មេដឹកនាំ​របស់​ខ្លួន​។

សម្រាប់​ផ្នែក​ខាង​ក្នុង​វិញ រថភ្លើង​របស់​មេដឹកនាំ​កូរ៉េខាងជើង ត្រូវ​បា​នរាយការណ៍​ថា មាន​បន្ទប់​សន្និសីទ​សារព័ត៌មាន បន្ទប់​ទទួល​ទាន​អាហារ ការិយាល័យ​មេដឹកនាំ​កូរ៉េខាងជើង​ដែល​មាន​បំពាក់​តុ​និង​កុំព្យូទ័រ​។

លោក​គីម ជុងអ៊ុន ត្រូវ​បាន​រាយការណ៍​ដែរ​ថា លោក​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ ជំនួស​វិញ​ដោយ​រថភ្លើង​ដែល​បំពាក់​ប្រព័ន្ធ​ទំនាក់ទំនង​ទំនើប​ៗ។ បើ​តាម​មន្ត្រី​រុស្ស៊ី លោក Konstantin Pulikovsky ដែល​បាន​រួម​ដំណើរ​តាម​រថភ្លើង​ជាមួយ​អតីត​មេដឹកនាំ​កូរ៉េខាងជើង​ទៅ​កាន់​ប្រទេស​រុស្ស៊ី កាលពី​ឆ្នាំ​២០១១ នៅ​លើ​រថភ្លើង​ គេ​បាន​រៀបចំ​មុខ​ម្ហូប​សម្រាប់​មេដឹកនាំ​កូរ៉េខាងជើង ដែល​មុខម្ហូប​មាន​ប្រភព​មក​ពី​រុស្ស៊ី ចិន កូរ៉េ ជប៉ុន និង​បារាំង​៕

លោក គីម ក្នុងរថភ្លើង​ធ្វើដំណើរទៅកាន់ក្រុងប៉េកាំង កាលពីដើមឆ្នាំ​២០១៨

ប្រភព៖ nytimes ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;