ឥណ្ឌា គ្រោង​បញ្ជូន​មនុស្ស​ទៅកាន់​អវកាស​ជាលើក​ដំបូង នៅឆ្នាំ​២០២១

  • 2019-01-10 04:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក K Sivan ប្រធាន​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) បាន​អះអាង​ថា ឥណ្ឌា នឹង​បញ្ជូន​មនុស្ស​ទៅកាន់​អវកាស​ជា​លើកដំបូង នៅ​អំឡុង​ឆ្នាំ​២០២១ ដោយ​ក្នុងនោះ​អាចមាន​ទាំងស្រ្តី​មួយរូប​ផងដែរ។ នេះ​បើតាម​ការចុះផ្សាយ​របស់ The Indian Express នៅថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩។

លោក​បញ្ជាក់​ថា ចំពោះ​បេសកកម្ម​នេះ អង្គការ ISRO បាន​នឹង​កំពុង​កសាង​យាន​អវកាស​មួយ​ដែល​អាច​ផ្ទុក​មនុស្ស ៣នាក់ និង​អាច​ស្ថិតនៅទី​អវកាស​បាន​ដល់ ៧​ថ្ងៃ។

ការ​ជ្រើសរើស​អ្នកអវកាស​ ត្រូវបាន​លោកK Sivan និយាយ​ថា នឹង​ជ្រើសរើស​ចេញពី​កងទ័ព​អាកាស ប៉ុន្តែ​ដំណើរការ​ជ្រើសរើស មិន​ទាន់​ចាប់ផ្តើម​នៅលើយ ហើយ​នឹងត្រូវ​ប្រើរយៈពេល​យូរ​ផងដែរ។ មិនតែប៉ុណ្ណោះ​សម្រាប់​បេក្ខជន​ជាស្រ្តី នឹង​កាន់តែត្រូវ​ពិចារណា​ខ្លាំង​ជាងនេះ​ថែមទៀត។

ការបាញ់បង្ហោះគ្រាប់រ៉ុកកែត របស់​ឥណ្ឌា នាពេលកន្លងមក (រូបថត៖ ISRO)
សូម​រំលឹក​ថា ក្នុង​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ឥណ្ឌា​កាលពីថ្ងៃទី១៥ ខែ​សីហា ឆ្នាំ​២០១៨ លោក​នាយករដ្ឋមន្រ្តី ណារិនដ្រា មូឌី បាន​ប្រកាស​ថា ឥណ្ឌា នឹង​ក្លាយ​ជា​ប្រទេស​ទី៤ ដែល​បញ្ជូន​មនុស្ស​ទៅកាន់​ទី​អវកាស​​តាមរយៈ​យាន​អវកាស​របស់​ខ្លួន​ជាលើក​ដំបូង​​នៅត្រឹម​ឆ្នាំ​២០២២ បន្ទាប់ពី​អាមេរិក រុស្ស៊ី និង​ចិន។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «នៅ​ពេល​ដែល​ឥណ្ឌា​ប្រារព្ធ​ខួប​ឯករាជ្យ​លើកទី​៧៥ ក្នុងឆ្នាំ​២០២២ ឬក៏អាច​នៅមុន​នោះ កូនប្រុស ឬ​កូនស្រី​ឥណ្ឌា​ម្នាក់ នឹង​ប្រតិបត្តិការ​បេសកម្ម​នៅទី​អវកាស​លើយាន​អវកាស Gaganyaan ដោយនាំ​ទង់ជាតិ​ឥណ្ឌា​ទៅ​ជាមួយ»។

គួរ​ដឹង​ដែរថា មកទល់​ពេលនេះ មាន​មនុស្ស​ប្រមាណ ៥៥០នាក់​ហើយ ដែល​បាន​ធ្វើដំណើរ​ទៅកាន់ទី​អវកាស ក្នុងនោះ​មានស្រ្តី​ចំនួន ៦០​នាក់៕

ប្រភព៖ Indian Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;