វេបសាយ​គ្រឹះស្ថាន​អង្គរ ត្រូវ​បាន​ធ្វើ​ទំនើបកម្ម​ដែល​ផ្តល់​ព័ត៌មាន​ជាក់ស្តែង​ពីការ​លក់សំបុត្រ

  • 2019-01-11 07:52:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វេបសាយ​ថ្មី​របស់​គ្រឹះស្ថានអង្គរ​ដែលមាន​អាសយដ្ឋាន www.angkorenterprise.gov.kh ត្រូវបាន​ដាក់​ឱ្យដំណើរការហើយ​នៅព្រឹក​ថ្ងៃទី១១ ខែមករា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក អូន ព័ន្ធមុនីរ័ត្ន ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

យោង​តាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យដឹងថា វេបសាយ​នេះ ត្រូវបាន​រៀបចំ​សារជាថ្មី​ដោយ​អ្នក​ជំនាញ ដើម្បី​ឱ្យមានភាព​ទាក់ទាញ ងាយស្រួល និង​ផ្តល់​ព័ត៌មាន​បន្ថែម​ជាច្រើន​ដល់​សាធារណជន​ក្នុងស្រុក ​និង​អន្តរជាតិ និង​ជាពិសេស គឺ​ផ្តល់​ព័ត៌មាន​ជាក់ស្តែង​ភ្លាមៗ ស្តីពីការ​លក់​សំបុត្រ​ចូល​ទស្សនារមណីយដ្ឋាន​អង្គរ។

វេបសាយ​ថ្មី​របស់​គ្រឹះស្ថាន​អង្គរ​នេះ ក៏នឹង​ផ្តល់​ព័ត៌មាន​មួយ​ចំនួន​ស្តី​ពី​ដំណើរ​ទេសចរ​ក្នុង​តំបន់​អង្គរ និង​តំបន់​ប្រាសាទ​នានា សំដៅ​ជួយ​លើកស្ទួយដល់​វិស័យ​ទេសចរណ៍ និង​ផ្តល់​ភាព​ងាយស្រួល​ដល់​ភ្ញៀវទេសចរ ក្នុងការ​រៀបចំ​ដំណើរកម្សាន្ត​របស់​ខ្លួន។

បើតាម​សេចក្តីប្រកាស​ព័ត៌មានដដែល វេបសាយ​នេះ មាន​ជា ៥ភាសា គឺ​ភាសាខ្មែរ ចិន អង់គ្លេស ជប៉ុន និង​កូរ៉េ ហើយ​អាច​ប្រើប្រាស់​យ៉ាង​ងាយស្រួល​នៅលើ​ទូរសព្ទដៃ និង​ឧបករណ៍​អេឡិចត្រូនិច​ផ្សេងៗ​ទៀត។ ជាងនេះ​ទៀត សាធារណជន​អាច​ចូល​ទៅ​ពិនិត្យ​មើល​ចំនួន​សំបុត្រ​ដែលលក់បាន​ជាក់ស្តែង (Real Time Data) នៅលើវេបសាយ​ថ្មីនេះ​ផងដែរ។

សូម​រំលឹក​ថា កាលពីឆ្នាំ​២០១៨​កន្លងទៅ គ្រឹះស្ថានអង្គរ​ បាន​លក់បណ្ណ​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ២,៥៩លាន​នាក់ ដោយ​ទទួលបាន​ចំណូល​សរុប​ចំនួន ១១៦លានដុល្លារ។ ក្នុង​នោះ ចំណូល​ដែល​បានបង់​ចូល​ថវិកា​រដ្ឋមាន​ចំនួន​ជាង ១១០លាន​ដុល្លារ (៤៤៥ពាន់​លានរៀល) ស្មើនឹង ១០១,៥% នៃ​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៨ និង​ឧបត្ថម្ភ​មូលនិធិ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ចំនួន​សរុប ៥,១៨​លាន​ដុល្លារ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;