មន្ទីរ​បញ្ចកោណ​អាមេរិក សម្រេច​ពន្យារពេល​បេសកកម្ម​យោធា​នៅ​ព្រំដែន​ម៉ិចស៊ីកូ​បន្ថែម​ទៀត

  • 2019-01-15 03:48:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​បញ្ចកោណ​បាន​ប្រកាស​កាលពី​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៩​ថា យោធា​អាមេរិក នឹង​ពន្យារពេល​បេសកកម្ម​ដើម្បី​គាំទ្រ​ដល់​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​ម៉ិចស៊ីកូ រហូតដល់​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៩។

រដ្ឋមន្រ្តី​ស្តីទី​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក Patrick Shanahan បាន​យល់ព្រម​លើការ​ពន្យារពេល​នេះ ដែល​ជា​ការ​ឆ្លើយតប​នឹង​សំណើ​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក។ បច្ចុប្បន្ន​ទ័ព​អាមេរិក ប្រមាណ ២៣៥០​នាក់ ត្រូវបាន​ចាត់តាំង​ឱ្យ​បំពេញ​បេសកកម្ម​នៅ​តាម​បណ្តោយ​ព្រំដែន​នេះ។

ភ្នាក់ងារ​ល្បាត​ព្រំដែនអាមេរិក នៅព្រំដែនម៉ិចស៊ីកូ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។ រូបថត៖ Reuters
សូម​បញ្ជាក់​ថា អតីត​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ លោក Jim Mattis បាន​កំណត់​បញ្ចប់​បេសកកម្ម​យោធា​នៅតាម​បណ្តោយ​ព្រំដែន​នេះ ត្រឹម​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ​២០១៩។

គួរ​រំលឹក​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​បញ្ជា​ឱ្យមាន​ការ​ចល័តទ័ព​ទៅកាន់​ព្រំដែន កាលពីខែតុលា ឆ្នាំ​២០១៨ ដើម្បី​បង្ក្រាប​លើការ​ធ្វើអន្តោប្រវេសន៍​ខុសច្បាប់ ចេញពី​ប្រទេស​ម៉ិចស៊ីកូ។ ការ​បញ្ជា​នេះ ធ្វើឡើង​នៅ​មុន​ពេល​ដែល​អាមេរិក រៀបចំ​ការបោះឆ្នោតសភា ដែលបានធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ​២០១៨៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;