អ្នក​វិទ្យាសាស្រ្ត​កំពុង​រកវិធី​ទប់ស្កាត់ ខណៈ​វត្ថុ​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី​មាន​ដល់ជិត ២ម៉ឺន

  • 2019-01-17 04:18:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រហូត​មកដល់​ពេល​នេះ អ្នកស្រាវជ្រាវ បាន​អង្កេត​ឃើញ​វត្ថុ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី​ប្រមាណ ១៨០០០ ក្នុងទី​អវកាស ក្នុង​នោះ ៩៩% គឺជា​អាចម៌ផ្កាយ។ នេះបើ​យោងតាម​ការចុះផ្សាយ​របស់​ Sputnik News នៅថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៩។

លោក Boris Shustov នាយកផ្នែក​វិទ្យាសាស្រ្ត​នៃវិទ្យាស្ថាន​តារាសាស្រ្ត​របស់​បណ្ឌិត្យ​សភា​វិទ្យាសាស្រ្ត​រុស្ស៊ី (RAS) បាន​ប្រាប់​សារព័ត៌មាន​នេះ​ថា RAS បាន​យល់ព្រម​លើ​ការ​អភិវឌ្ឍ​កម្មវិធី​ជាតិ​មួយ ដើម្បី​ស្រាវជ្រាវ​អំពី​បញ្ហា​នេះ​ និង​រកវិធី​ទប់​ស្កាត់​ចំពោះ​វត្ថុអវកាស​ដែល​បង្ក​គ្រោះថ្នាក់ ដូចជា​អាចម៌ផ្កាយ ផ្កាយ​ដុះកន្ទុយ និង​បំណែក​អវកាស​ជាដើម។

លោក​បន្តថា បច្ចុប្បន្ន​នេះ ប្រទេស​មួយ​ចំនួន​ជាពិសេស​សហរដ្ឋអាមេរិក បាន​ឈាន​មុខគេ​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​សម្រាប់​ការអង្កេត​វត្ថុ​អវកាស​ដែលមាន​គ្រោះថ្នាក់។

អ្នក​ស្រាវជ្រាវ​រូបនេះ បាន​រំលឹក​ថា កាលពី​ឆ្នាំ​២០១០ RAS បាន​ស្នើរួចមក​ហើយ​ថា កម្មវិធី​សម្រាប់​ការ​ទប់ស្កាត់​ការ​គំរាមពី​អាចម៌ផ្កាយ ផ្កាយដុះកន្ទុយ និង​បំណែក​អវកាស គួរតែត្រូវ​បាន​ផ្តួចផ្តើម​ធ្វើឡើង ប៉ុន្តែវា​ត្រូវបាន​ច្រាន​ចោល​ដោយ​អង្គការ​អវកាស​រុស្ស៊ី Roscosmos។

កាលពី​ឆ្នាំ​២០១៧ ភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​ឱ្យដឹងថា មាន​វត្ថុអវកាស​មួ​ដែលមាន​ទំហំ ១៥ ទៅ ៣០ម៉ែត្រ បាន​ហោះកាត់​ផែនដី ក្នុង​ចម្ងាយ ៤៤០០០គីឡូម៉ែត្រ។ ភ្នាក់ងារនេះ អះអាង​ថា ប្រសិន​បើវា​ធ្លាក់ចូល​ផែនដី នោះ​វា​នឹង​បង្ក​ឥទ្ធិពល​ដូច​អាចម៌ផ្កាយ​មួយ​ដែលបាន​ធ្លាក់​នៅ​តំបន់ Chelyabinsk Oblast ប្រទេសរុស្ស៊ី ដោយ​បង្ក​ការបំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ កាលពីឆ្នាំ​២០១៣​ដូច្នោះ​ដែរ៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;