ឥណ្ឌា គ្រោង​សង់​ផ្លូវ​នៅតាម​បណ្តោយ​ព្រំដែន​ចិន ដើម្បី​ងាយស្រួល​ចល័ត​ទ័ព

  • 2019-01-17 06:50:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឥណ្ឌា គ្រោង​នឹង​ចំណាយ​ ២,៩ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​ផ្លូវ​ចំនួន​៤៤ខ្សែ នៅ​តាម​បណ្តោយ​ព្រំដែន​ចិន ដើម្បី​ធានា​ដល់​ភាព​រហ័ស​នៃ​ការ​ចល័ត​ទ័ព ក្នុង​ករណី​ដែល​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ប្រទេស​ទាំង២។ នេះបើ​តាមការ​ចុះផ្សាយ​របស់​ South China Morning Post នៅ​ថ្ងៃទី១៧ ខែ​មករា ឆ្នាំ​២០១៩ ដែល​ដកស្រង់​ចេញពី​របាយការណ៍​របស់​ក្រសួង​សាធារណការ​កណ្តាល​នៃ​ប្រទេស​ឥណ្ឌា។

សំណើ​គម្រោង​សាងសង់​ផ្លូវ​ខាងលើ​នេះ កំពុង​រង់ចាំ​ការ​យល់ព្រម​ពី​គណៈរដ្ឋមន្រ្តី​របស់​លោក​នាយករដ្ឋមន្រ្តី ណារិនដ្រា មូឌី។ ទោះជា​យ៉ាងណា មាន​ផ្លូវមួយ​ចំនួន កំពុង​ត្រូវបាន​កសាង​ឡើង​ហើយ។

ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ឥណ្ឌា-ចិន ​ជាង ៤ពាន់​គីឡូម៉ែត្រ ត្រូវបាន​ឥណ្ឌា​ទុកចោល​ជាង៥០ឆ្នាំ​មកហើយ។ ទើបតែ​ក្រោយពេល​មាន​ភាព​តានតឹង​ខ្លាំង​នៅ​តំបន់​ព្រំដែន Doklam កាលពី​ឆ្នាំ​២០១៧ ដែល​ជាការ​ប្រឈម​មុខដាក់​គ្នារវាង​កងទ័ព​ទាំង២ ជុំវិញ​ការ​សាងសង់ផ្លូវ​របស់​ចិន​នោះ ទើប​ឥណ្ឌា ងាក​មកចាប់​អារម្មណ៍​ក្នុងការ​កសាងផ្លូវ​ទាំងនោះ​វិញ។

បើតាម​លោក Jayadeva Renade ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​វិភាគ​អំពី​ប្រទេស​ចិន និង​យុទ្ធសាស្រ្ត នៃ​ប្រទេស​ប្រទេស​ឥណ្ឌា បាន​លើកឡើង​ថា ការ​សាងសង់ផ្លូវ​នៅតាម​បណ្តោយ​ព្រំដែន​ដូច្នេះ នឹង​ផ្តល់ផល​ចំណេញ ដល់​ឥណ្ឌា ដូចជា​ការតភ្ជាប់ ទំនាក់​ទំនង សកម្មភាព​សេដ្ឋកិច្ច និង​ងាយស្រួល​ដល់ការ​ចល័តទ័ព និង​ឧបករណ៍​យោធា។

គួរ​រំលឹក​ថា កាលពីខែ​ធ្នូ​កន្លងទៅ លោក មូឌី បាន​អញ្ជើញ​បើក​សម្ពោធ​ស្ពាន Bogibeel ដែល​ជាស្ពាន​ដ៏វែង​ជាងគេ​បំផុត​របស់​ឥណ្ឌា នៅក្នុង​រដ្ឋ Assam ក្នុង​ក្តីសង្ឃឹម​ថា ស្ពាននេះ​នឹង​ផ្តល់​សារៈសំខាន់​ក្នុងការ​ប្រើប្រាស់​ដឹក​ជញ្ជូន​ឧបករណ៍​យោធា ដោយ​រួមមាន​ទាំង​រថក្រោះ​ផងដែរ៕

ចុចអាន៖ កងទ័ព​ចិន និង​ឥណ្ឌា ប៉ះ​ទង្គិច​គ្នា នៅ​តំបន់​ព្រំដែន​ហិមាល័យ

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;