មហា​សេដ្ឋី​២៦​នាក់ មាន​ទ្រព្យសម្បត្តិ​ស្មើ​មនុស្ស​ពាក់​កណ្ដាល​ផែនដី

  • 2019-01-21 08:12:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៨ របស់​អង្គការ​សប្បុរសធម៌ Oxfam បាន​បង្ហាញ​ថា មហាសេដ្ឋី​ចំនួន ២៦​នាក់ មាន​ទ្រព្យ​សម្បត្តិ​ស្មើ​នឹង​ប្រជាជន​ដែល​ស្ថិតនៅ​ក្រោម​ខ្សែ​បន្ទាប់​ក្រីក្រចំនួន ៣,៨ ពាន់​លាន​នាក់ នៃ​ចំនួន​ប្រជាជន​សរុប​ជាង ៧,៦​ពាន់​លាន​នាក់ នៅ​លើ​ពិភពលោក។ របាយការណ៍​របស់​អង្គការ Oxfam ត្រូវ​បាន​ចេញ​ផ្សាយ​ មុន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​ក្រុង Davos ប្រទេសស្វីស ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី២២ ដល់ ២៥ ខែ​មករា ឆ្នាំ​២០១៩​។

លោក Jeff Bezon ម្ចាស់​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ Amazon ជាអ្នកមានបំផុតនៅលើពិភពលោក
Oxfam បាន​ឲ្យដឹង​ថា មហាសេដ្ឋី​នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើង​ជាង ២២០០នាក់ ហើយ​ទ្រព្យសម្បត្តិ​របស់​ពួកគេ សរុប​បាន​កើន​រហូត​ដល់ ៩០០​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៨ (កើន ២,៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ)។ ទ្រព្យ​សម្បត្តិ​របស់​មហាសេដ្ឋី​លើ​ពិភពលោក បាន​កើន​ឡើង ១២% ខណៈ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ក្រ​ពាក់កណ្ដាល​ពិភពលោក ថយ​ចុះ ១១%​ ។

របាយការណ៍​ដដែល​បន្ត​ថា ក្នុង​រយៈពេល ១០​ឆ្នាំ​ ក្រោយ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ចំនួន​មហាសេដ្ឋី​បាន​កើនឡើង​ជិត ២​ដង។ ក្នុង​នោះ ចន្លោះ​ពី​ឆ្នាំ​២០១៧ ដល់ ២០១៨ មាន​មហាសេដ្ឋី​កើត​ថ្មី​ចំនួន​ម្នាក់ ក្នុង​រយៈ​ពេល ២​ថ្ងៃ​ម្ដង​។

របាយការណ៍​បន្ត​ថា លោក Jeff Bezon ម្ចាស់​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ Amazon ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត នៅ​លើ​ពិភពលោក។ បច្ចុប្បន្ន លោក​មាន​ទ្រព្យ​សម្បត្តិ​រហូត​ដល់ ១១២ ពាន់​លាន​ដុល្លារ​អាមេរិក (ទ្រព្យ​សម្បត្តិ​របស់​លោក ១% ស្មើនឹង​កញ្ចប់​ថវិកា​ត្រៀម​សម្រាប់​ការ​គាំពារ​សុខភាព​ប្រជាជន​ប្រទេស​អេត្យូពី ដែល​មាន​ប្រជាជន​ប្រមាណ ១០៥​លាន​នាក់)​៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;