នាយក​រដ្ឋមន្រ្តី​វៀតណាម បញ្ជា​ឱ្យ​រៀបចំ​សង់​ស្ថានីយ​គ្រប់គ្រង​អវកាស ក្រោយ​បង្ហោះ​ផ្កាយរណប "នាគច្រមក់"

  • 2019-01-22 07:58:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ង្វៀន សួនហ៊្វុក នាយក​រដ្ឋមន្រ្តី​វៀតណាម បាន​ប្រាប់​ទៅ​ក្រសួង​ផែនការ និង​វិនិយោគ ឱ្យ​រៀបចំ​គម្រោង​សាងសង់​ស្ថានីយ​គ្រប់គ្រង​អវកាស​ ក្រោយពេល​ដែល​វៀតណាម បាន​បង្ហោះ​ផ្កាយរណប​មួយ​ទៅកាន់​ទីអវកាស​ដោយ​ជោគជ័យ​កាលពីថ្មីៗ​នេះ។ ការថ្លែង​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​ស្តីពី​ការផលិត និង​បាញ់​បង្ហោះ​ផ្កាយរណប នៅក្រុង​ហាណូយ កាលពី​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៩។

លោក ង្វៀន សួនហ្វុក ថ្លែងនាពេលកន្លងមក
លោក ង្វៀន សួនហ៊្វុក បាន​សន្យា​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​អ្នក​វិទ្យាសាស្រ្ត និង​វិស្វករ​វៀតណាម ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យា​អវកាស។

កាលពីថ្ងៃ​ទី១៨ ខែមករា ឆ្នាំ​២០១៩ ផ្កាយរណប​វៀតណាម​ឈ្មោះ «នាគ​ច្រមក់ (Micro Dragon)» ត្រូវបាន​បង្ហាះ​តាម​រយៈគ្រាប់​រ៉ុកកែត​របស់​ជប៉ុន ចេញ​ពី​មជ្ឈមណ្ឌល​អវកាស Uchinoura ខេត្ត Kagoshima ប្រទេស​ជប៉ុន។ ផ្កាយរណប​នេះ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​តាមដាន​ពី​ស្ថានភាព​នៅ​តាម​តំបន់​ឆ្នេរ ប្រទេស​វៀតណាម ដូចជា​គុណភាព​ទឹក​សមុទ្រ ការ​នេសាទ និង​បម្រែបម្រួល​ផ្សេងៗ​ដើម្បី​ជួយ​ផ្នែក​វារីវប្បកម្ម​។

ផ្កាយរណប នាគច្រមក់ ដែលត្រូវបានបាញ់បង្ហោះតាមរយៈរ៉ុកកែតជប៉ុន

ការបាញ់​បង្ហោះ​ផ្កាយរណប​នេះ ត្រូវបាន​លោក ង្វៀន សួនហ៊្វុក អះអាង​ថា ជាការ​បង្ហាញ​នូវ​អធិបតេយ្យ​អវកាស​របស់​វៀតណាម ក្នុង​យុគសម័យ​ឌីជីថល និង​សមត្ថភាព​របស់ខ្លួន​លើការ​រចនា និង​ការ​ផលិត​ផ្កាយរណប។

សូម​បញ្ជាក់​ថា ផ្កាយរណប «នាគច្រមុះ» ត្រូវបាន​អភិវឌ្ឍ​ដោយ​វិស្វករ​វៀតណាម ៣៦នាក់​មកពី​មជ្ឈមណ្ឌល​អវកាស​ជាតិ ដោយមាន​ជំនួយ​ពី​អ្នកជំនាញ​ជប៉ុនផងដែរ។ វិស្វករ​ទាំងនេះ ត្រូវបាន​បញ្ជូន​ទៅសិក្សា​ផ្នែក​បច្ចេកវិទ្យា​អវកាស​នៅ​សាកលវិទ្យាល័យធំៗ​ទាំង៥​របស់​ជប៉ុន ក្នុង​ចន្លោះ​ឆ្នាំ ២០១៣ និង ២០១៧៕

ផ្កាយរណប «នាគច្រមុះ»

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;