នៅ​ឆ្នាំ​២០១៩ កម្ពុជា​អាច​នាំ​ចេញ​ចេកអំបូង​លឿង​ប្រមាណ​ជាង ​១​លាន​តោន

  • 2019-01-22 09:14:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ កម្ពុជា​អាច​នាំ​ចេញ​ចេកអំបូង​លឿង ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ប្រមាណ​ជាង ១​លាន​តោន​។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការនាំចេញ​ចេកអំបូង​លឿង​របស់​ក្រុមហ៊ុន​ឡុង ស្រេង បឹងកេត នីហរ័ណ អាហរ័ណ​។​

​ការ​អះអាង​របស់​លោក​រដ្ឋមន្ត្រី​ដូចនេះ ធ្វើឡើង​បន្ទាប់​ពី​លោក​បាន​សង្កេត​ឃើញ​ថា ត្រឹម​ដើម​ឆ្នាំ​២០១៩​តែប៉ុណ្ណោះ​ កម្ពុជា​បាន​នាំ​ចេញ​ចេកអំបូង​លឿង​បាន​ប្រមាណ​ជាង​ ៦០០០​តោន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ ​ម្យ៉ាងទៀត​ វា​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង សម្រាប់​អ្នក​ផលិត​បម្រើ​ការនាំចេញ ដោយ​ដំណាំ​ចេកអំបូង​លឿង​ក្នុង​ផ្ទៃ​ដី​មួយ​ហិកតា​ក្នុង​មួយ​ឆ្នាំ​ គឺ​អាច​ទទួល​បាន​ប្រាក់​ចំណូល​ពី ​៥​ពាន់​ទៅ​ ១​ម៉ឺន​ដុល្លារ​អាមេរិក​។​

​ទន្ទឹម​នឹង​នេះ​ដែរ លោក​ វេង សាខុន បាន​បញ្ជាក់​បន្ថែម​ថា ដើម្បី​បម្រើ​ឲ្យ​ការនាំចេញ ពី​កម្ពុជា​បាន​កាន់តែ​ច្រើន​នោះ​ក្រសួង​កសិកម្ម​បាន​ជំរុញ​ឲ្យ​មាន​កន្លែង​ដាំ​ចេកអំបូង​លឿង​ សម្រាប់​នាំ​ចេញ​ប្រមាណ​ជា ៤​ទីតាំង​បន្ថែម​ទៀត​។​

​គួរ​បញ្ជាក់​ដែរ​ថា បើ​យោង​តាម​របាយការណ៍​របស់​លោក​នាយក​ក្រុមហ៊ុន​ឡុង​ស្រេង​បឹងកេត​នីហរ័ណ អាហរ័ណ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​ដាក់​ទុន​វិនិយោគ​លើ​ទឹកប្រាក់​ប្រមាណ​ជាង ៨​លាន​ដុល្លារ ដាំ​ដុះ​ចេកអំបូង​លឿង លើ​ផ្ទៃដី​សាកល្បង ៥០០​ហិកតា ក្នុង​នោះ​ផ្ទៃដី ១០០​ហិក​តា​កំពុង​ធ្វើ​ការ​ប្រមូល​ផល​និង​វេច​ខ្ចប់​នាំ ចេញ​ទៅ​កាន់​ទីផ្សារ​ចិន ហើយ​អនាគត​គ្រោង​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះ​ឲ្យ​ដល់ ១៥០០​ហិកតា ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ប្រទេស​ចិន​៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;