​រោងចក្រ​ផលិត​យន្តហោះចម្បាំង​នៅ​អាមេរិក គ្រោង​ប្ដូរ​ទីតាំង​មកកាន់​​ប្រទេស​មួយ​នៅ​អាស៊ី

  • 2019-01-23 07:10:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដោយសារ​តម្រូវ​ការ​ទីផ្សារ​ខ្ពស់ លើ​យន្តហោះ​ចម្បាំង​ប្រភេទ F-16, ​ក្រុមហ៊ុន​អាមេរិក Lockheed Martin កំពុង​សម្លឹង​មើល​ពី​លទ្ធភាព​ក្នុង​ការ​សាងសង់​រោងចក្រ​ផលិត F-16 មួយ​កន្លែង នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដោយ​ផ្លាស់​ទីតាំង​ចេញ​ពី​សហរដ្ឋ​អាមេរិក​។ នេះបើយោងតាម​ការ​ចុះ​ផ្សាយ​របស់ Business insider នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៩។

យន្តហោះ​ចម្បាំង​ប្រភេទ F-16 (រូប៖ AP)
មន្ត្រី​ជាន់ខ្ពស់​ក្រុមហ៊ុន Lockheed Martin លោក Vivek Lall អនុ​ប្រធាន​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ និង​ជំនួញ បាន​បង្ហើប​ថា តម្រូវការ​ទីផ្សារ​ប្រមាណ​ជាង ២០​ពាន់​លាន​ដុល្លារ​អាមេរិក​លើ​យន្តហោះ F-16 មាន​នៅ​បណ្ដា​ប្រទេស​ជុំវិញ​ប្រទេស​ឥណ្ឌា ដែល​ជា​ហេតុ​នាំ​ឲ្យ​ក្រុមហ៊ុន ចង់​សាងសង់​រោងចក្រ នៅ​ក្នុង​ប្រទេស​អាស៊ី​មួយ​នេះ​។

លោក Lall បន្ត​ថា ប្រទេស​បារ៉ែន និង​ស្លូវ៉ាគី បាន​ជ្រើសរើស​យន្តហោះ​ចម្បាំង F-16 ហើយ​ប្រទេស​ប៊ុលហ្គារី និង​ ១០​ប្រទេស​ផ្សេង​ទៀត កំពុង​ស្ថិត​ក្នុង​ការ​ចរចា។ លោក​ថា តម្រូវការ​យន្តហោះ F-16 មាន​ជាង ២០០​គ្រឿង​នៅ​បណ្ដា​ប្រទេស​នានា ដែល​នៅ​ជុំវិញ​ប្រទេស​ឥណ្ឌា។ មន្ត្រី​ជាន់ខ្ពស់​ដដែល​បន្ថែម​ថា រោងចក្រ​ដែល​គ្រោង​ផ្លាស់​ទៅ​កាន់​ឥណ្ឌា គឺ​រោងចក្រ​មួយ​កន្លែង​នៅក្រុង Fort Worth រដ្ឋ​តិចសាស។

Lockheed បាន​ជ្រើសរើស​ក្រុមហ៊ុន Tata Advanced Systems ដែល​មាន​ទីស្នាក់ការ​នៅ​ឥណ្ឌា ធ្វើ​ជាដៃ​គូ​ក្នុង​គម្រោង​រោងចក្រ​ផលិត​យន្តហោះ F-16។

រោងចក្រផលិត​ F-16 នៅអាមេរិក (រូបថត៖ wfaa)

សូម​ជម្រាប​ថា យន្តហោះ F-16 របស់ Lockheed Martin កំពុង​ប្រកួតប្រជែង​ជាមួយ​យន្តហោះ​ចម្បាំង Gripen របស់​ក្រុមហ៊ុន Saab, យន្តហោះ​ចម្បាំង F/A-18 របស់​ប៊ូអ៊ីញ, យន្តហោះ​ចម្បាំង Rafale របស់ Dassault Aviation និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ដើម្បី​ផ្គត់ផ្គង់​សម្រាប់​ទ័ព​អាកាស​ឥណ្ឌា ប្រមាណ ១១៤​គ្រឿង ក្នុង​តម្លៃ​ប៉ាន់ស្មាន​ជាង ១៥​ពាន់​លាន​ដុល្លារ​អាមេរិក​៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;