មេ Apple ជួបនាយករដ្ឋមន្ត្រីវៀតណាម និយាយពីគម្រោងដ៏មហិមាមួយ
- 2019-01-31 08:21:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Apple ជួបនាយករដ្ឋមន្ត្រីវៀតណាម និយាយពីគម្រោងដ៏មហិមាមួយ
ចន្លោះមិនឃើញ
លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានជួបជាមួយលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម នៅអំឡុងវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងប្រទេសស្វីសកាលពីសប្ដាហ៍មុន ដើម្បីពិភាក្សាលើគម្រោង បង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យមួយ នៅក្នុងប្រទេសវៀតណាម។
បើតាមប្រភព Vietnam Investment Review វិញបានឲ្យដឹងថា បើជោគជ័យ គម្រោងបង្កើតមជ្ឈមណ្ឌលនេះ នឹងក្លាយជាគម្រោងទី២ របស់ Apple នៅវៀតណាម បន្ទាប់ពីក្រុមហ៊ុនផ្លែប៉ោមនេះ បានបោះទុនវិនិយោគ ៦៥២០០០ ដុល្លារ ក្នុងការបង្កើតក្រុមហ៊ុនតំណាងចែកចាយរបស់ខ្លួនមួយនៅក្រុងហូជីមិញ កាលពីខែតុលា ឆ្នាំ២០១៥។
របាយការណ៍គិតពីត្រីមាសទី២ឆ្នាំ២០១៧ ដល់ត្រីមាសទី២ឆ្នាំ២០១៨ ពីក្រុមហ៊ុនវិភាគដែលមានទីស្នាក់ការនៅអាស៊ី Counterpoint Research បានបង្ហាញថា Apple មានចំណែក ៥ភាគរយ ក្នុងទីផ្សារស្មាតហ្វូននៅក្នុងប្រទេសវៀតណាម។
ថ្លែងប្រាប់សារព័ត៌មាន Vietnam Plus លោក Tim Cook បាននិយាយដូច្នេះថា៖ «ពួកយើងនឹងដាក់គោលដៅទាញយកចំណូលខ្ពស់បំផុត ក្នុងទីផ្សារសំខាន់ៗ រួមមាន អាមេរិក កាណាដា និងម៉ិកស៊ីកូ ព្រមទាំងបណ្ដាប្រទេសក្នុងទ្វីបអឺរ៉ុប ដូចជា អាល្លឺម៉ង់ និងអ៊ីតាលី ហើយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដូចជា កូរ៉េ និងវៀតណាម ជាដើម»។
សូមជម្រាបថា Apple ធ្លាប់ប្រកាសពីគម្រោងបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យមួយ ដែលវិនិយោគសាងសង់ក្នុងតម្លៃ ១ពាន់លានដុល្លារអាមេរិក នៅក្នុងប្រទេសវៀតណាម ឬ ឥណ្ឌា។ ក៏ប៉ុន្តែ ពេលនោះ Apple បានសម្រេចជ្រើសរើសយក ឥណ្ឌា ៕