នាវា​ទ័ព​ជើងទឹក​ជប៉ុន២គ្រឿង នឹង​មក​កម្ពុជា​ នៅចុងខែ​កុម្ភៈ​​នេះ

  • 2019-02-06 01:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាវា​ចំនួន ២គ្រឿង​ដែលមាន​ឈ្មោះ​ថា “សេតូយុគិ” និង “ស៊ីម៉ាយុគិ” ដឹកនាំ​ដោយ​វរនាវីឯក យ៉ូស៊ីយូគី ណាកាហ្គាម៉ា មេបញ្ជាការ​កងពលធំ​ហ្វឹកហ្វឺន​លេខ១ នៃកង​កម្លាំង​ស្វ័យ​ការពារ​ជើងទឹក​ជប៉ុន នឹង​មកធ្វើ​ទស្សនកិច្ច​នៅប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី ២៥-២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅក្នុង​អំឡុងពេល​នៃ​ដំណើរហ្វឹកហ្វឺន​លើ​លំហ​សមុទ្រ។ នេះ​បើយោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែលបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

ពិធី​ស្វាគមន៍​ការ​មកដល់​របស់​នាវា​ចំនួន ២គ្រឿង​របស់​​កង​កម្លាំង​ស្វ័យការពារ​ជើងទឹក​ជប៉ុន នឹង​ប្រារព្ធ​ឡើង​នៅថ្ងៃ​ទី២៥ ខែ​កុម្ភៈ ចាប់ពី​ម៉ោង ១០:៣០​ព្រឹក នៅឯ​ផែចាស់​នៃ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។

ស្ថានទូត​ជប៉ុន​បញ្ជាក់​ថា គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​នាវា​ជប៉ុន​ចំនួន ២​គ្រឿងនេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្ដភាព​រវាង​ប្រទេស​ជប៉ុន និង​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​កម្មវិធី​ផ្លាស់ប្ដូរ​ផេ្សងៗ ក៏ដូចជា​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​នាយ​នាវិកកម្ម​សិក្សា​ការី​ចំនួន ១០៩​រូប ដែលទើបបាន​បពា្ចប់ការ​សិក្សា បាន​ស្វែងយល់​អំពី​វប្បធម៌ និង​វិស័យ​យោធា​នៅ​កម្ពុជា។

នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន (រូបតំណាង)

ស្ថានទូត​ជប៉ុន​បន្តថា ក្នុង​អំឡុងពេល​ស្នាក់នៅ​កម្ពុជា វរនាវីឯក យ៉ូស៊ីយូគី ណាកាហ្គាម៉ា មាន​គម្រោង​ធើ្វ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ចូលជួប​សម្តែង​ការ​គួរសម​ជាមួយ​លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត មេបញ្ជាការ​កងទ័ព​ជើងទឹក​កម្ពុជា នៅថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

វរនាវីឯក យ៉ូស៊ីយូគី ណាកាហ្គាម៉ា ក៏នឹង​ធើ្វ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​ទ័ពជើង​ទឹក​រាម សាលាខេត្ដ​ព្រះសីហនុ និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃទី ២៥ ខែ​កុម្ភៈ​ផងដែរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;