ក្រសួង​អប់រំ ចេញ​វិធានការ​ទប់ស្កាត់​សកម្មភាព​មិនប្រក្រតី នៅថ្ងៃ Valentine's Day

  • 2019-02-08 05:57:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និងកីឡា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចេញ​វិធានការ ៤ចំណុច ដើម្បី​ទប់ស្កាត់​សកម្មភាព​មិនប្រក្រតី​ក្នុង​ទិវាបុណ្យ​នៃក្តី​ស្រឡាញ់ (Valentine's Day) ១៤កុម្ភៈ ដូចខាងក្រោម៖

១. ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​​តាម​គ្រប់​មធ្យោបាយ ដូចជាតាមរយៈ​ការ​ប្រជុំ​នៅពេល​គោរព​ទង់ជាតិ កុំឱ្យ​មានការ​យល់​ខុស​អំពី​អត្ថន័យ​នៃ​ទិវា​បុណ្យ​នៃក្តី​ស្រឡាញ់។

២. ត្រូវ​ពង្រឹង​ការ​អនុវត្ត​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ឱ្យបាន​ម៉ឹងម៉ាត់ ជាពិសេស​លើការ​គ្រប់គ្រង​សីលធម៌ និង​វិន័យ ដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្សជាប្រចាំ។

៣. ត្រូវ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព «មិត្ត​អប់រំមិត្ត»។

៤. ​ត្រូវធ្វើ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា អ្នក​អាណាព្យាបាល​សិស្ស សហគមន៍​ដើម្បី​ផ្តល់​ និង​ទទួល​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ប្រក្រតី ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស ដើម្បី​សហការ​គ្នា​អប់រំណែនាំ​កែ​លម្អ​សិស្សានុសិស្ស បាន​ទាន់ពេលវេលា។

ការ​ចេញសេចក្តីណែនាំ​ខាងលើនេះ បន្ទាប់ពី​ក្រសួង​អប់រំ បាន​សង្កេតឃើញ​ថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤កុម្ភៈ ដែល​ជា​ទិវាបុណ្យ​នៃក្តី​ស្រឡាញ់ ជាឱកាស​មួយ​ធ្វើឱ្យ​សិស្សានុសិស្ស​មួយចំនួន​យល់​ច្រឡំ​ថា បុណ្យ​នេះ ជាថ្ងៃបុណ្យ​សង្សារ ឬ​ជាថ្ងៃ​ណាត់ជួបគ្នា​រវាង​គូស្នេហ៍។

ក្រសួង​បញ្ជាក់​ថា ទិវានេះ ពុំមែន​ជាពិធីបុណ្យ​ប្រពៃ​ណីរបស់​ជនជាតិ​ខ្មែរទេ ហើយ​នៅក្នុងអំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទិវាបុណ្យ​នៃក្តី​ស្រឡាញ់កាន់តែមានឥទ្ធិពល​ធំឡើងៗ ធ្វើឱ្យ​យុវជន​ភ្លើតភ្លើន ភ្លេច​ការសិក្សា​បាត់បង់​សេចក្តី​ថ្លៃថ្នូរ​របស់ខ្លួន និង​ក្រុម​គ្រួសារ ប្រាសចាក​វប្បធម៌ និង​ប្រពៃណី​ជាតិ​ដ៏ផូរផង់​របស់​ខ្មែរ​ទៀតផង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;