ស៊ូ យ៉ាទី បង្ហើប​ពី​ស្ថានភាព​របួស​ប្រេះ​ឆ្អឹង​ដៃ​ឆ្វេង

  • 2019-02-11 08:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

របួស​ប្រេះ​ឆ្អឹង​ដៃ​ឆ្វេង​ដែល​កើតឡើង​អ្នកចាំទី​ ស៊ូ យ៉ាទី តាំង​ពី​ខែ​កញ្ញា ឆ្នាំ២០១៨​កន្លង​ទៅ មក​ទល់​ពេល​នេះ ត្រូវ​បាន​សាមី​ខ្លួន​បញ្ជាក់​ថា មាន​អារម្មណ៍​ញញើត​នៅ​ឡើយ សម្រាប់​ការ​រារាំង​គ្រាប់​បាល់​ខ្លាំង​ៗ បើ​ទោះ​បាន​ចូល​ហ្វឹកហាត់​ឡើង​វិញ តាំង​ពី​ចុង​ខែ​ធ្នូ​ក្ដី​។ នេះ​យោងតាម​ CNCC ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​។

ស៊ូ យ៉ាទី បាន​ប្រាប់​ដូច្នេះ​ថា៖ «និយាយ​ទៅ បើ​គិត​លើ​របួស​សឹង​ថា​ជា​ ១០០ភាគរយ​ទៅ​ហើយ ប៉ុន្តែ​ដោយសារ​យើង​ធ្លាប់​របួស​អ៊ីចឹង​ យើង​ចេះ​តែ​មាន​អារម្មណ៍​មួយ​ស្រៀវ​ៗ​ខ្លាចៗ បារម្ភ​ក្រែង​ត្រូវ​របួស​ចាស់​ហ្នឹង​ម្ដង​ទៀត។ រាល់​ថ្ងៃ​ពេល​ហាត់ ឬ ប្រកួត​អី​ហ្នឹង ខ្ញុំ​ប្រយ័ត្ន​ខ្លាំង​ដែរ ទាំង​ការ​រុំ​ដៃ​ឲ្យ​បាន​ល្អ និង ការពារ​ខ្លួន​ពេល​គេ​ទាត់​ម្ដង​ៗ​»​។

អ្នកចាំទី​រូប​នេះ​អះអាង​ថា ​ខ្លួន​នឹង​ព្យាយាម​សម្រួល​ផ្លូវ​ចិត្ត​របស់​ខ្លួន​ឲ្យ​បាន​ប្រសើរ ដើម្បី​ជា​ទំនុក​ចិត្ត​ក្នុង​ការ​បង្ហាញ​ខ្លួន​លើ​ទីលាន ​លៃ​យ៉ាង​ណា​ឲ្យ​បាន​ទាន់​ការ​ប្រកួត​​លីគ​កំពូល​កម្ពុជា រដូវ​កាល​២០១៩​។

គួរ​រំឭក​ថា ស៊ូ យ៉ាទី រង​របួស​ប្រេះ​ឆ្អឹង​ប្រអប់​ដៃ​ឆ្វេង ក្នុង​ជំនួប​បិទ​រដូវ​កាល​រវាង​ណាហ្គាវើល និង វិសាខា នា​ខែ​កញ្ញា​ឆ្នាំ​ទៅ​។ របួស​នេះ ធ្វើឲ្យ​គេ​បាត់បង់​ឱកាស​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ ប្រជែង​ក្នុង​​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2018 ​៕


អត្ថបទ៖ លាភ.