កសិករ​ដាំ​ស្វាយ​ចន្ទី ស្វែងរក​អន្តរាគមន៍ រឿង​ឈ្មួញ​ទម្លាក់​ថ្លៃ

  • 2019-02-13 06:31:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជា​កសិករ​ដាំ​ស្វាយ​ចន្ទី​ នៅ​ខេត្ត​ស្ទឹងត្រែង ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទៅ​លើ​ទីផ្សារ គ្រាប់​ស្វាយចន្ទី ព្រោះ​កសិផល​ប្រមូល​ផល​បាន​ នៅ​ឆ្នាំ​២០១៩​នេះ ត្រូវ​ឈ្មួញ​ទម្លាក់​ថ្លៃ ធ្វើឲ្យ​ពួកគាត់​បាត់បង់​ប្រាក់​ចំណូល​ស្ទើរ​ទាំង​ស្រុង​។ នេះបើ​យោងតាម​ក្រសួង​ព័ត៌មាន​ ចុះផ្សាយ​ នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

នៅ​រដូវ​ប្រមូល​ផល​គ្រាប់​ស្វាយ​ចន្ទី​ កាល​ពី​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោក​ សាន វិបុល កសិករ​ដាំ​ស្វាយ​ចន្ទី នៅ​ក្រុង​ស្ទឹងត្រែង​បាន​បញ្ជាក់​ថា ផល​ដំណាំ​ផ្នែក​ឧស្សាហកម្ម​មួយ​នេះ ឈ្មួញ​ចេះ​តែ​ទិញ​បង្អាប់​ថ្លៃ​ ធ្វើឲ្យ​កសិករ​ខាត​បង់​ប្រាក់​ទូទាត់​ជាមួយ​ការ​ចំណាយ​មិន​តុល្យភាព​នឹង​គ្នា​ឡើយ។

លោក​បញ្ជាក់​ថា កាលពី​ដើម​ខែ​មករា ផ្លែ​ស្វាយ​ចន្ទី​លក់​បាន​ជាង​ ៧​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ចំណែក​គ្រាប់​ហាល​ស្ងួត​ បាន​រហូត​ដល់​ទៅ ៨០០០រៀល តែ​បច្ចុប្បន្ន​ឈ្មួញ​បាន​ទម្លាក់​ថ្លៃ ចំណែក​ស្ថាប័ន​ជំនាញ​មិន​ទាន់​មាន​ការ​ចាប់អារម្មណ៍​រឿង​នេះ​ទេ​។

លោក សុ ផៃ មេ​ការ​ដេប៉ូ​វៀតណាម​ទទួល​ទិញ​គ្រាប់​ស្វាយចន្ទី​ប្រចាំ​នៅ​ក្រុង​ស្ទឹងត្រែង បាន​អះអាង​ថា ការ​ទទួល​ទិញ គ្រាប់​ស្វាយចន្ទី ក្រុមហ៊ុន​បាន​បែងចែក​ជា​បី​ប្រភេទ​ គឺ​គ្រាប់ លេខ១ -លេខ២ -និងលេខ៣ ព្រោះ​កាលឆ្នាំ​កន្លង​មក​ ប្រជា​កសិករ​ខ្លះ ប្រមូល​ផល​គ្រាប់​ស្វាយ​ចន្ទី​ ​នៅ​ខ្ចី​ទុក​មិន​បាន​យូរ​បណ្តាល​ឲ្យ​ខូច​គុណភាព ​ទម្រាំ​ដឹក​ចេញ​ទៅ​រោងចក្រ​កែច្នៃ​។

លោក​ទទួល​ស្គាល់​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ឲ្យ​តម្លៃ​ទៅ​លើ​កត្តា​ពូជ​ដូចជា ពូជ​ក្រុង​ស្រុក​ទិញ​តម្លៃ​ជាង ៥០០០រៀង​ក្នុង​មួយ​គីឡូក្រាម​ ចំណែក​ពូជ M២៣ មាន​តម្លៃ​ខ្ពស់​ជាង​ ព្រោះ​វា​មាន​គុណភាព​ល្អ និង​ងាយស្រួល​នាំយក​ទៅ​លក់​បន្ត​។ ស្វាយ​ប្រភេទ​ធម្មតា​ ហៅថា​ ស្វាយ​ខ្មែរ​តម្លៃ​ សើម​ ៥៥០០​រៀល ​ហើយ​តម្លៃ​ស្ងួត​ទិញ ៦០០០​រៀល​ ហើយ​តម្លៃ​ប្រភេទ M២៣ ដែល​ហៅថា​គ្រាប់​ពូជ​ តម្លៃ​ក្នុង​មួយ​គីឡូក្រាម​ ទិញ ៦០០០រៀល បើ​ស្ងួត​ ៦៨០០​រៀល​។

លោក អ៊ុន សុខា ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ស្ទឹងត្រែង​បាន​បញ្ជាក់​ថា បញ្ហា​នេះ​គួរ​តែ​កសិករ​ គិតពី​គុណភាព​ផលិតផល​ខ្លះ ដើម្បី​ធ្វើឲ្យ​មាន​ការ​ប្រកួតប្រជែង​ទៅ​លើ​ទីផ្សារ ជាពិសេស​ពេល​ដាំ​ត្រូវ​ជ្រើសរើស​ពូជ​ល្អ​ៗ​យក​ទៅ​ដាំដុះ​ ដើម្បី​ទទួល​បាន​ផល​មាន​គុណភាព​ លក់​បាន​ថ្លៃ​។

លោក​អះអាង​ថា ចំពោះ​ផ្នែក​ទីផ្សារ​ដែល​កសិករ​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​នោះ មន្ទីរ​ពាណិជ្ជកម្ម នឹង​ហៅ​ម្ចាស់​ក្រុមហ៊ុន​ដែល​កំពុង​បោះ​ទីតាំង​ទិញ​ នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ មក​ធ្វើការ​ពិគ្រោះ​យោបល់​គ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​មួយ ធ្វើ​យ៉ាង​ណា​ឲ្យ​ទីផ្សារ​នេះ​ទទួល​យក​បាន​ទាំងអស់​គ្នា​។

សូម​បញ្ជាក់​ថា ទីតាំង​ទិញ​ផល​ស្វាយចន្ទី​ នៅ​ក្នុង​ក្រុង​ស្ទឹងត្រែង​បច្ចុប្បន្ន​ មាន​ចំនួន ៣កន្លែង​ ក្នុងនោះ​មាន​ក្រុមហ៊ុន​វៀតណាម ២​កន្លែង​ និង​ខ្មែរ​មួយ​កន្លែង​ដែល​មាន​មុខព្រួញ​នាំចេញ​ទៅ​ប្រទេស​វៀតណាម​តែមួយ​ប៉ុណ្ណោះ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;