Pub Street នឹង​ត្រូវ​កែប្រែ​មុខមាត់ ​ដោយ​បច្ចេកវិទ្យា​ថ្មី​របស់​ជប៉ុន

  • 2019-02-14 08:45:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវ​ប្រសព្វ​តំបន់ Pub Street នឹង​ត្រូវ​បាន​រៀប​ជា​បេតុង​ជ្រាប​ទឹក ដែល​ជា​គម្រោង​សាកល្បង​ដោយ​ប្រើប្រាស់​​បច្ចេកវិទ្យា​ថ្មី​របស់​ប្រទេស​ជប៉ុន ដើម្បី​សាងសង់​កម្រាល និង​ចិញ្ចើម​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​។ គម្រោង​នេះ នឹង​ត្រូវ​បញ្ចប់​ទាំង​ស្រុង​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៩។ នេះ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​។

បន្ទាប់ពី​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក​ ទៀ សីហា អភិបាល​ខេត្ត​សៀមរាប កាលពី​រសៀល​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ រួចមក នៅ​ព្រឹក​ថ្ងៃ​ទី​១៣​កុម្ភៈ ក្រុមហ៊ុន Omura Ceratec Co.,Ltd របស់​ជប៉ុន​បាន​ចាប់ផ្តើម​អនុវត្ត​គម្រោង​សាកល្បង​អំពី បច្ចេកវិទ្យា​ថ្មី​សាងសង់​កម្រាល និង​ចិញ្ចើម​ផ្លូវ​ដោយ​បេតុង​ជ្រាប​ទឹក តាម​បណ្តោយ​ផ្លូវ ២​ធ្នូ ប្រវែង ៩៣​ម៉ែត្រ ពី​ចំណុច​ផ្លូវ​ប្រសព្វ Pub Street ដល់​មុខ​ខ្លោងទ្វារ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​។

លោក Hiroya Kon អ្នក​គ្រប់គ្រង​ទីផ្សារ​នៃ​ក្រុមហ៊ុន Omura Ceratec Co.,Ltd បាន​បន្ត​ថា គម្រោង​សាកល្បង​នេះ​មាន​គោលបំណង​រួមចំណែក​ការពារ​ទឹកជំនន់ ដក់​លើ​ផ្លូវ និង​ចិញ្ចើម​ផ្លូវ​ក្នុង​ទីក្រុង ដោយ​ប្រើ​ប្រាស់​កម្រាល​ដុំ​បេតុង​ជ្រាប​ទឹក (Permeable Interlocking Block Pavement) ជា​បច្ចេកវិទ្យា និង​ស្តង់ដា​ជប៉ុន​។

លោក គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​សៀមរាប មាន​ប្រសាសន៍​ថា នេះ​ជា​គម្រោង​មួយ​ថ្មី ដែល​ភាគី​ពាក់ព័ន្ធ​នឹង​សិក្សា​ជា​បន្តបន្ទាប់​ទៀត ក្នុង​ការ​បែងចែក​ទ្រូង​ផ្លូវ ផ្លូវ​ថ្មើរ​ជើង និង​ចំណត​យានយន្ត ដើម្បី​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ របៀបរៀបរយ ជួយ​កាត់​បន្ថយ​នូវ​ការ​កកស្ទះ​ក្នុង​ទីប្រជុំជន។

លោក​បន្ត​ថា មន្ទីរ​បាន​លើក​គម្រោង​នេះ​កាល​ពី​ចុង​ឆ្នាំ​២០១៦​។ ហើយ​នៅ​ខែ​មករា ឆ្នាំ​២០១៧ ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុនJICAបាន​មក​ទំនាក់ទំនង និង​សិក្សា ពី​ទីតាំង ក្រោម​ការ​សហការ​សម្របសម្រួល​ពី​អាជ្ញាធរ​ក្រុង​សៀមរាប និង​បាន​ការ​គាំទ្រ ជំរុញ​បន្ថែម ពី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដោយ​ផ្តោត​សំខាន់​ទៅ​លើ​តំបន់ ក្នុង​ក្រុង​ ដែល​មាន​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ច្រើន​។

លោក ទៀ សីហា អភិបាលខេត្ត បាន​ការ​គាំទ្រ និង​ចាត់​ទុក​គម្រោង​នេះ​ថា ពិតជា មាន​សារសំខាន់​សម្រាប់​តំបន់​ក្នុង​ក្រុង ដែល​អ្នក​ទេសចរ​ឆ្លង​កាត់​ទៅ​មក​ច្រើន និង​ដើម្បី​រក្សា​បាន​នូវ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ឲ្យ​ស័ក្ដិសម​ជា​ទីក្រុង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។

លោក​អភិបាល​ បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ត្រូវ​បន្ត​សិក្សា និង​ពិនិត្យ​មើល ទីតាំង​បែង​ចែក​គន្លង​ផ្លូវ​សម្រាប់​ថ្មើរ​ជើង គន្លង​ផ្លូវ​សម្រាប់​ជន​ពិកា ទីតាំង​សម្រាប់​ចត យានយន្ត​ជាដើម​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;