គង់ សំបូរ បង្ហាញ​អារម្មណ៍​ពិត ពេល​បាន​ហោះ​ពីសៀមរាប ទៅប្រកួតនៅ ONE Championship

  • 2019-02-19 04:51:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​គុនខ្មែរ គង់ សំបូរ បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ខេត្ត​សៀមរាបហើយ កាលពីថ្ងៃទី១៨ ខែកុម្ភៈ​ម្សិលមិញនេះ ដើម្បី​ទៅប្រកួត​លើកដំបូង នៅ​ក្នុង​សង្វៀន​អន្តរជាតិ​ ONE Championship។ សំបូរ បញ្ជាក់ថា៖ "ខ្ញុំរំភើបចិត្ត រកពាក្យអ្វីមកនិយាយ​មិន​ចេញ​នោះទេ"។

គង់ សំបូរ (កណ្ដាល) និង​គ្រូបង្វឹក ធ្វើដំណើរ​ពីព្រលាន​យន្តហោះ​ខេត្តសៀមរាប ទៅ​ប្រទេស​សិង្ហបុរី កាលពីថ្ងៃ​ទី១៨ កុម្ភៈ (រូបភាព Kingdom Fight Gym)
គួរំលឹកថា ពេលបានដឹងខ្លួនថានឹងត្រូវប្រកួត​នៅ ONE អ្នកប្រដាល់​ប្រចាំ​ក្លឹប Kingdom Fight Gym ក្នុង​ខេត្ត​សៀមរាបរូបនេះ បាននិយាយថា "ខ្ញុំរំភើប ដល់ថ្នាក់និយាយ​មិនចេញ។ ខ្ញុំ​ចង់​ប្រាប់​ទៅ​កាន់​អ្នក​ដែល​សើច​ចំអក​ខ្ញុំ ថា​ពួកគេ​យល់​ខុសហើយ។ ពួកគេ​ថាខ្ញុំ​គ្មាន​ថ្ងៃ​បានចេញទៅ​វ៉ៃនៅ​ក្រៅ​ប្រទេស​នោះទេ ប៉ុន្តែ​ពេល​នេះ​ក្ដីសុបិន​របស់​ខ្ញុំក្លាយ​ជា​ការ​ពិតហើយ។ ពួកគេអស់អីនិយាយទៀតហើយ.."។

គង់ សំបូរ បន្តថា៖ "«​ខ្ញុំ​មាន​មោទនភាព​ ដែល​​មាន​ឱកាស​បញ្ចេញ​សមត្ថភាព​នៅ​ ONE Championship​។ ខ្ញុំ​ចង់​បង្ហាញ​ប្រាប់​អន្តរជាតិ​ថា​ ក្បាច់​គុន​ខ្មែរ​នៅ​តែ​ខ្លាំង​​ មិន​បាន​ចុះ​ខ្សោយ​ឡើយ។ ខ្ញុំ​ចង់​ប្រាប់​ទៅ​បង​ប្អូន​ខ្មែរ​គ្រប់​រូប​ដែល​រង់​ចាំ​មើល​ការ​ប្រកួត​របស់​ខ្ញុំ​នៅ​ ONE​ ថា​ខ្ញុំ​នឹង​ប្រកួត​ឲ្យ​អស់​ពី​លទ្ធភាព​ និង​មិន​ធ្វើ​ឲ្យ​បង​ប្អូន​បាក់​ទឹក​ចិត្ត​លើ​រូប​ខ្ញុំ​ឡើយ»។

កីឡាករ​វ័យ ២៣ឆ្នាំ បញ្ជាក់ថា៖ "ខ្ញុំ​បាន​ហ្វឹកហាត់​ត្រៀម​ជាង ១ខែមកហើយ។ ខ្ញុំរួចរាល់​សម្រាប់​ការប្រកួត​ដ៏ធំនេះហើយ"។

គង់ សំបូរ ហ្វឹកហាត់​នៅ​ក្លឹប Kingdom Fight Gym ខេត្ត​សៀមរាប

សូមបញ្ជាក់ថា គង់ សំបូរ នឹង​ត្រូវ​ប្រកួត​ប្រដាល់​សេរី​ ទល់​នឹង​កីឡាករ​ចិន Zhang Chenglong ដែល​មាន​រហស្សនាម​ថា ""Muay Thai Boy" ក្នុង​ព្រឹត្តិការណ៍ ONE: CALL TO GREATNESS ថ្ងៃ​ទី២២ ខែកុម្ភៈ នៅ​ប្រទេស​សិង្ហបុរី។ គង់ សំបូរ មិន​ធ្លាប់​ប្រឡូក​ក្នុង​សង្វៀន​អន្តរជាតិ​ដ៏ធំដូច ONE នោះទេ ប៉ុន្តែ​កីឡាករ​រូបនេះ មានបទពិសោធន៍ច្រើនក្នុង​សង្វៀន​ក្នុងស្រុក។ ចំណែក​កីឡាករ​ចិន Zhang Chenglong ធ្លាប់ប្រឡូក​ក្នុង​សង្វៀន​អន្តរជាតិ​ជាច្រើន ជាពិសេស​គឺនៅក្នុង​សង្វៀន Glory។ កីឡាករ​នេះ មានប្រវត្តិប្រកួតឈ្នះ ៤៧ដង ចាញ់ ៨ដង និងស្មើ ម្ដង៕

គូប្រកួត​ទាំងអស់​នៅក្នុង​ព្រឹត្តិការណ៍ ONE: CALL TO GREATNESS (ខុន ស៊ីចាន់ គូទី១, គង់ សំបូរ គូទី៤)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;